ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោលការចោទប្រកាន់ ដែលថា ខ្លួនផ្គត់ផ្កង់ យន្ដហោះដ្រូនឲ្យទៅរុស្ស៊ី

រូបភាពពី៖​ XINHUA

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានច្រានចោល ជាថ្មីម្តងទៀតដែលថា ទីក្រុងតេអេរ៉ង់ បានផ្តល់យន្តហោះដ្រូនដល់ប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន។

លោក​បាន​ធ្វើ​ការ​កត់​សម្គាល់​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​ជាមួយ​សមភាគី​អាហ្រ្វិក​ខាង​ត្បូង​លោក Naledi Pandor នៅ​ក្នុង​រដ្ឋធានី​រដ្ឋបាល​របស់​អាហ្រ្វិក​ខាង​ត្បូង Pretoria នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា អ៊ីរ៉ង់ បានធ្វើការពិគ្រោះយោបល់ជាច្រើនជុំជាមួយភាគីអ៊ុយក្រែន លើបញ្ហានេះ ក្នុងអំឡុងពេលដែលអ៊ុយក្រែន បានបរាជ័យក្នុងការបង្ហាញ “ភស្តុតាងត្រឹមត្រូវណាមួយ” ។

លោក​បាន​បន្ថែម​ថា រុស្ស៊ី​ បាន​សន្យា​ជាមួយ​អ៊ីរ៉ង់ ​ថា ខ្លួន​មិន​ដែល​ប្រើ​ឧបករណ៍​អ៊ីរ៉ង់ ក្នុង​សង្រ្គាម​ជាមួយ​អ៊ុយក្រែន​នោះទេ ហើយ​នឹង​មិន​ធ្វើ​ដូច្នេះ​ឡើយ។

អ្នកការទូតអ៊ីរ៉ង់ បានរំលឹកឡើងវិញ នូវអព្យាក្រឹតភាពរបស់អ៊ីរ៉ង់ ចំពោះវិបត្តិអ៊ុយក្រែនដោយបន្ថែមថា “យើងរក្សាថាសង្រ្គាម មិនមែនជាដំណោះស្រាយនោះទេ ហើយគ្រប់ភាគីគួរតែខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហានយោបាយ”។

ប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិច បានចោទប្រកាន់អ៊ីរ៉ង់ ថា បាននាំចេញយន្តហោះដ្រូនអត្តឃាតទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះ ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ អ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់នេះម្តងហើយម្តងទៀតថា “គ្មានមូលដ្ឋាន” ដោយថា ខ្លួនបានផ្តល់ “ចំនួនមានកំណត់” នៃយន្តហោះដ្រូនដល់រុស្ស៊ី ជាច្រើនខែមុនពេលចាប់ផ្តើមជម្លោះរុស្ស៊ី-អ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top