ព័ត៌មានអន្តរជាតិ

សហរដ្ឋ​អាមេរិក​ ព្រលយពីការ​គាំទ្រ ​ចំពោះ​អន្តរាគមន៍ ​នៅក្នុងប្រទេស នីហ្សេ

ប្រភព ៖AFP

បរទេស ៖ សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារ “សណ្តាប់ធ្នាប់ធម្មនុញ្ញ” របស់នីហ្សេឡើងវិញ បន្ទាប់ពីមានការ បះបោរយោធា កាលពីខែមុន និងបន្ទាប់ពីបណ្តាប្រទេស ក្នុងតំបន់បាននិយាយថា ពួកគេត្រៀមកម្លាំង កងទ័ពសកម្មសម្រាប់អន្តរាគមន៍ ប្រដាប់អាវុធ ដែលអាចមាន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនឈរ ជាមួយសហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ក្នុងការអំពាវនាវ ឱ្យរដ្ឋាភិបាលយោធារបស់នីហ្សេ ចុះចេញពីតំណែង ដោយសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ស្ថិរភាព នយោបាយ និង “ការរួបរួមសង្គម” ។

អ្នកការទូតអាមេរិករូបនេះបានបន្ថែមថា “យើងបន្ទរការថ្កោលទោស ECOWAS ចំពោះការឃុំខ្លួនដោយខុសច្បាប់ទៅលើប្រធានាធិបតី Mohamed Bazoum ក្រុមគ្រួសាររបស់គាត់ និងសមាជិករដ្ឋាភិបាល ព្រមទាំងលក្ខខណ្ឌ មិនអាចទទួលយកបាន ដែលពួកគេត្រូវបានឃុំខ្លួន ហើយអំពាវនាវ ឱ្យមានការដោះលែងជាបន្ទាន់” ដល់ប្រមុខរដ្ឋដែលត្រូវបាន ទម្លាក់ពីតំណែងរបស់នីហ្សេ ។

លោក Blinken បានបន្ថែមថា មន្រ្តីអាមេរិកសង្ឃឹមថា ECOWAS នឹង “ស្វែងរកជម្រើសទាំងអស់សម្រាប់ដំណោះស្រាយដោយសន្តិវិធីនៃវិបត្តិ” , ការអត្ថាធិប្បាយ របស់លោក Blinken បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្លុកអាហ្វ្រិកខាងលិចបាននិយាយថា ខ្លួននឹងចាប់ផ្តើមរៀបចំកង កម្លាំងយោធា ដើម្បីស្ដារ លោក Bazoum ឱ្យឡើងកាន់អំណាចវិញ ។ លោក Bazoum ប្រធានាធិបតីនីហ្សេ ត្រូវបានផ្ដួលរំលំ កាលពីខែមុនដោយមេបញ្ជាការ យោធាឧទ្ទាម ដែលចាប់តាំងពីពេលនោះមក លោក Bazoum ត្រូវបានយោធាឃុំឃាំង និងដណ្តើមគ្រប់គ្រង រដ្ឋាភិបាលរបស់នីហ្សេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top