បរទេស៖ មន្ត្រីរដ្ឋាភិបាលប្រទេសអេហ្ស៊ីប បានលើកឡើងអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងគែរថា នឹងមិនយល់ព្រមតាមការដាក់សំពាធរបស់អាមេរិក ដើម្បីផ្គត់ផ្គង់សព្វាវុធទៅឲ្យប្រទេសអ៊ុយក្រែន ឡើយ។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា រដ្ឋាភិបាលអេហ្ស៊ីប បានបង្ហាញជំហយ៉ាងរឹងម៉ាំក្នុងការរក្សាអព្យាក្រិតចំពោះជម្លោះនៅអ៊ុយក្រែន ជាមួយនឹងរុស្សី ហើយមិនខ្វល់ទៅនឹងការស្នើសុំរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនឡើយ។
គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន បានព្យាយាមស្នើឲ្យរដ្ឋាភិបាលទីក្រុងគែរ ក្នុងការផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសអ៊ុយក្រែន ប៉ុន្តែទោះបីជាបានខិតខំជាច្រើនដងក្តីអេហ្ស៊ីប នៅតែរក្សាការប្តេជ្ញាចិត្តមិនពាក់ព័ន្ធទៅនឹងជម្លោះនេះឡើយ។
ការជួបជុំពិភាក្សាគ្នាដើម្បីបញ្ចុះបញ្ចូលអេហ្ស៊ីប ក្នុងការលក់អាវុធនិងផ្គត់ផ្គង់អាវុធទៅឲ្យអ៊ុយក្រែន បានធ្វើឡើងជាច្រើនដងហើយចុងក្រោយមានទាំងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin ជាមួយនឹងប្រធានាធិបតីអេហ្ស៊ីប Abdel Fattah Al Sisi នៅក្នុងទីក្រុងគែរកាលពីខែមិនាកន្លងមកដែរ៕ ប្រែសម្រួល៖ស៊ុនលី