ភ្នំពេញ ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងការងារ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យបរិស្ថាននៅទីតាំង រដ្ឋសភា និងនៅមុខព្រះបរមរាជវាំង នៅថ្ងៃទី២១និង២២សីហាខាងមុខនេះ ដែលជាថ្ងៃប្រជុំសភា និងការស្បថចូលកាន់តំណែង សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី ។
ការជំរុញបែបនេះ បានធ្វើឡើងនាថ្ងៃទី១៤ សីហា ២០២៣ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីកងកម្លាំង ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤ ។
ក្នុងកិច្ចប្រជុំនេះ លោកឃួង ស្រេង បានលើកឡើងថា ក្នុងនាមកងកម្លាំង និងអាជ្ញាធរ ត្រូវជំរុញកិច្ចការពារសន្តិសុខ សណ្តាប់ជាមួយនិងការរឹតបន្តឹង ការពិនិត្យជាតិអាកុល នៅក្នុងមូលដ្ឋានឲ្យបានជាប់ជាប្រចាំ។ ជាមួយគ្នានោះ ការបង្ការគ្រោះអគ្គីភ័យ ក៏ជារឿងមួយដែល លោក ឃួង ស្រេង ជំរុញឲ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ផងដែរ។
លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃទី២១ និង២២ សីហា ខាងមុខនេះ អាជ្ញាធរខណ្ឌ ដែលមានរដ្ឋសភា និងព្រះបរមរាជវាំង នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវតែរៀបចំ សណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន ឲ្យបានល្អជាមួយនឹងការរក្សា ឲ្យបាននូវសន្តិសុខខ្ពស់បំផុត នៅទីតាំងទាំង២នេះ៕