ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់បោះឆ្នោត ជ្រើសរើសសភា ជាលើដំបូង ចាប់តាំងពីអាមេរិក ចាកចេញពីកិច្ច ព្រមព្រៀងនុយក្លេអ៊ែ

បរទេស ៖ មេដឹកនាំអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បានស្ថិតនៅក្នុងចំណោមអ្នកបោះឆ្នោតដំបូងគេបង្អស់ នៅថ្ងៃសុក្រនេះ ក្រោយការបោះឆ្នោតបានបើក សម្រាប់ការបោះឆ្នោតជ្រើសរើសសភា ជាលើដំបូងរបស់ប្រទេស ចាប់តាំងពីអាមេរិកបានដាក់ទណ្ឌកម្មជាថ្មី បន្ទាប់ពីចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ។

តាមសេចក្តីរាយការណ៍ ពីកាសែត UPI បានឲ្យដឹងថា មណ្ឌលបោះឆ្នោតនានា បានបើកនៅព្រឹកថ្ងៃសុក្រនេះ សម្រាប់ការបោះឆ្នោតសភានិងអ្នកជំនាញសភាលើកទី១១របស់អ៊ីរ៉ង់ ជាព្រឹត្តិការណ៍មួយ ដែលលោក Khamenei បានជំរុញឲ្យអ្នកបោះឆ្នោតទាំងអស់ បែរមកខឹងនឹងសហរដ្ឋអាមេរិក និងប្រឆាំងចំពោះចេតនាអាក្រក់របស់ទីក្រុងវ៉ាស៊ីនតោន។

ក្រោយលោកធ្វើការបោះឆ្នោតរួចរាល់ មេដឹកនាំជាន់ខ្ពស់នៃប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ថ្លែងប្រាប់យ៉ាងដូច្នេះថា ការចេញទៅបោះឆ្នោតច្រើននាក់ នឹងបញ្ជូននូវសារដ៏ច្បាស់មួយ ចំពោះសហរដ្ឋអាមេរិកថា ទីក្រុងវ៉ាស៊ីនតោនបរាជ័យ ចំពោះការបំបែកបំបាក់សាមគ្គីភាពរបស់ប្រជាពលរដ្ឋអ៊ីរ៉ង់៕
ប្រែសម្រួល៖ប៉ាង កុង

To Top