នយោបាយ

សម្ដេច ស ខេង ៖ ការបោះឆ្នោត គ្មានប្រទេសណាមួយ រៀបចំល្អឥតខ្ចោះឡើយ

រូបភាពពី៖ គ ជ ប

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានថ្លែងថា ការបោះឆ្នោត គ្មានប្រទេសណាមួយ រៀបចំល្អឥតខ្ចោះនោះឡើយ ដោយឡែកការបោះឆ្នោតលើកទី៧ នៅកម្ពុជា អាចចាត់ទុកថា «ជាការបោះឆ្នោត ដ៏ជោគជ័យបំផុត»។

នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃ១៥ សីហា សម្ដេច ស ខេង បានឲ្យដឹងថា ចាប់តាំងពីការបោះឆ្នោតជាតិ ឆ្នាំ១៩៩៣ រហូតមកទល់នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កម្ពុជាបានធ្វើការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់បានយ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញ។

សម្ដេច មានប្រសាសន៍ថា «ការបោះឆ្នោត គ្មានប្រទេសណាមួយ ដែលបានរៀបចំចាត់ចែងការបោះឆ្នោតដែលល្អឥតខ្ចោះនោះឡើយ។ ដោយឡែកការបោះឆ្នោតលើកទី៧នេះ អាចចាត់ទុកថា ជាការបោះឆ្នោតដ៏ជោគជ័យបំផុត បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ នៅកម្ពុជា»។

សម្ដេបន្ដថា ការបោះឆ្នោតនៅកម្ពុជា លើកទី៧នេះ មានអត្រានៃការចូលរួមបោះឆ្នោតខ្ពស់រហូតដល់៨៤,៥៩% បានចេញទៅបោះឆ្នោយជ្រើសតាំងតំណាងរាស្ត្ររបស់ខ្លួនដោយគ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង មានសណ្តាបធ្នាប់របៀបរៀបរយល្អ ហើយគណបក្សនយោបាយបានចូលរួមបោះឆ្នោតទាំងអស់ បានធ្វើសកម្មភាព ប្រកួតប្រជែងគ្នា ប្រកបដោយភាពថ្លៃថ្នូរ ចាត់ទុកថា បានចូលរួមលើកទឹកចិត្តអ្នកបោះឆ្នោតបង្ហាញពីការយល់ដឹង អំពីគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ អំពីសិទ្ធិបោះឆ្នោត ជាហេតុធ្វើឲ្យអ្នកបោះឆ្នោតបានចូលរួមក្នុង ដំណើរការបោះឆ្នោត និងសម្រេចចិត្តជ្រើសរើសតំណាងរបស់ខ្លួន ដោយស្ម័គ្រចិត្ត ដើម្បីសម្រេចជោគវាសនាអនាគតប្រទេសជាតិរបស់ខ្លួន។

សូមរំលឹកថា ការបោះឆ្នោតសកល ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅមានតម្លាភាព សន្តិភាព សេរីនិងយុត្តិធម៌ និងការរាប់សន្លឹកឆ្នោតដោយដៃមានលំដាប់លំដោយ ហើយការបញ្ជូនលទ្ធផល ពីការិយាល័យបោះឆ្នោតមក គណៈកម្មាធិការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ និងតាមប្រព័ន្ធអេឡិចត្រូនិច បញ្ជាក់ពីតម្លាភាពយ៉ាងខ្លាំងគួរឲ្យទុកចិត្តបាន៕

To Top