ម៉ូស្គូ ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថា ក្រុមមន្ត្រីរុស្ស៊ី បានឲ្យដឹង នៅថ្ងៃអង្គារនេះថា អគ្គិភ័យបានឆាបឆេះ នៅឯស្ថានីយ៍ប្រេង១កន្លែង នៅភាគខាងត្បូង នៃសាធារណរដ្ឋ Dagestan របស់ប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្ស អស់ចំនួន២៥នាក់ ។
លោក Vladimir Fisenko អនុរដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន RIA បានលើកឡើងថា មនុស្សចំនួន៦៦នាក់ បានរងរបួស ក្នុងនោះដែរ មនុស្សចំនួន១០នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ក្រុមសេវាសង្គ្រោះបន្ទាន់ របស់ប្រទេសរុស្សី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចំណាយពេលជាង៣ម៉ោងកន្លះ ដើម្បីពន្លត់ភ្លើង ដែលបានកើនឡើង ដល់ទំហំ៦០០ម៉ែត្រក្រឡា ។
ប្រភពបានឲ្យដឹងថា ដំបូងឡើយអគ្គីភ័យនេះ បានចាប់ផ្តើមកើតឡើង កាលពីយប់ថ្ងៃចន្ទ ដែលចេញពីហាងជួសជុល រថយន្តមួយកន្លែង នៅលើផ្លូវហាយវេ ក្នុងទីក្រុង Makhachkala នៃរដ្ឋធានី Dagestan ហើយបណ្តាល ឱ្យមានការផ្ទុះឆេះរាលដាល ដល់ស្ថានីយ៍ប្រេងឥន្ធនៈដែលនៅក្បែរនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា