ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ធុរជនថៃ មកធ្វើការបណ្តាក់ទុននៅកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមក ខណៈរយៈពេល៦ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគី មានទំហំទឹកប្រាក់ជាង ១.៩ ពាន់លានដុល្លារ ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដឹកនាំដោយ លោក Voratat Tantimongkolsuk តំណាងសភាពាណិជ្ជកម្មថៃ និងលោក Audsitti Sroithong ប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ឧស្សាហកម្មថៃ នៃក្រុមប្រឹក្សាវិនិយោគថៃ នាថ្ងៃ១៥ សីហា លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ មានប្រសាសន៍ថា កម្ពុជាទទួលបានកំណើន សេដ្ឋកិច្ចដ៏រឹងមាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ហើយបានលេចចេញ ជាសេដ្ឋកិច្ចរីកចម្រើនខ្ពស់ ដោយបានទាក់ទាញ អ្នកវិនិយោគយ៉ាងច្រើន ពីជុំវិញពិភពលោក ជាពិសេសចិន ជប៉ុន កូរ៉េ អាមេរិក អង់គ្លេស រដ្ឋសមាជិកអាស៊ាន និងប្រទេសថៃ ។
លោករដ្ឋមន្ត្រី បានប្រកាស ស្វាគមន៍អ្នកទាំងអស់គ្នា ដែលមកស្វែងយល់ ពីឱកាសអាជីវកម្មនៅកម្ពុជា ដែលកិច្ចប្រជុំថ្ងៃនេះ នឹងផ្តល់ ឱកាសដ៏ល្អមួយដើម្បីផ្លាស់ប្តូរទស្សនៈ ស្តីពីអាជីវកម្ម និងឱកាសវិនិយោគផ្តល់ ផលប្រយោជន៍ទៅវិញទៅមក ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះដែរ លោក Voratat Tantimongkolsuk បានជម្រាបជូនលោករដ្ឋមន្ត្រី ថាគោលបំណងនៃដំណើរទស្សនកិច្ច របស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃ មកកាន់កម្ពុជា នាពេលនេះ ដើម្បីសិក្សាស្វែងយល់បន្ថែមទៀត ពីសក្តានុពល ពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា។
លោកបន្តថា ទស្សនកិច្ចលើកនេះ គណៈប្រតិភូនឹងមានដំណើរទស្សនកិច្ច ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម, លើសពីនេះ ក្រុមប្រឹក្សាវិនិយោគថៃ ក៏បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីជួយ និងជំរុញវិស័យវិនិយោគរវាងប្រទេសទាំងពីរផងដែរ។
លោក ប៉ាន សូរស័ក្ដិ បន្តទៀតថា កម្ពុជាផ្តល់ ឱកាសកំណើនរយៈពេលវែងនៅទូទាំងវិស័យជាច្រើន ហើយមានទីតាំងល្អ ជាមជ្ឈមណ្ឌលសក្តានុពល សម្រាប់អាជីវកម្ម និងការវិនិយោគនៅក្នុងតំបន់ ដោយពិចារណាលើកត្តាសំខាន់ៗ មួយចំនួនដូចជាទីតាំងយុទ្ធសាស្ត្រ កម្លាំងពលកម្មវ័យក្មេង និងថាមពល ការទទួលបានទីផ្សារដ៏ធំតាមរយៈ GSP ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផងដែរ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា «កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ធុរជនថៃ មកធ្វើការបណ្តាក់ទុននៅកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។ ជាថ្មីម្តងទៀត កម្ពុជាប្តេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យរវាងប្រទេសទាំងពីរ» ។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ថៃ នៅឆ្នាំ២០២២ មានទំហំទឹកប្រាក់ជាង ៤.៦ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅថៃ មានទំហំទឹកប្រាក់ជាង ៤០៩ លានដុល្លារ និងថៃនាំចេញ មកកម្ពុជាវិញមានទំហំទឹកប្រាក់ ៣ ៨៣២ លានដុល្លារ។ សម្រាប់រយៈពេល ៦ខែឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជាង ១.៩ ពាន់លានដុល្លារ ៕