ព័ត៌មានជាតិ

សម្ដេច ស ខេង បង្ហាញសុទិដ្ឋិនិយមថា ការបោះឆ្នោតនៅកម្ពុជា ពេលខាងមុខ កាន់តែល្អប្រសើរ

រូបភាពពីហ្វេសប៊ុក សម្ដេច ស ខេង

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញសុទិដ្ឋិនិយម ទុកជាមុនថា ការបោះឆ្នោត នាពេលខាងមុខនៅកម្ពុជា នឹងកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត។

ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ អគារអន្តេវាសិកដ្ឋាន អគារបណ្ណាល័យ ទីចាត់ការ របង ខ្លោងទ្វារ ក្នុងរិវេណវិទ្យាល័យ សម្ដេចក្រឡាហោម ស ខេង តាគ្រាម និងសមិទ្ធផលនានាក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃ១៥ សីហា សម្ដេច ស ខេង បានថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានចូលរួមយ៉ាងសកម្ម ធ្វើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយបរិយាកាសសន្តិសុខ សុវត្ថិភាព គ្មានអំពើហិង្សា ពិសេសស្របតាមច្បាប់។

សម្ដេចរំលឹកថា ចាប់តាំងពីការបោះឆ្នោតជាតិ ឆ្នាំ១៩៩៣ រហូតដល់ការបោះឆ្នោត២០២៣នេះ កម្ពុជាបានរៀបចំការ បោះឆ្នោតចំនួន១៨ លើករួចមកហើយ ខណៈការបោះឆ្នោតចុងក្រោយនេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ធៀបនឹងការបោះឆ្នោតមុនៗ ជាពិសេសមានអត្រាអ្នកបោះឆ្នោតខ្ពស់។ សម្ដេច បានបង្ហាញសុទិដ្ឋិនិយមថា «ការបោះឆ្នោតនាពេលខាងមុខនៅកម្ពុជា នឹងកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត»។

លើសពីនេះ សម្ដេច ស ខេង បានលើកឡើងពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងនីតិកាលទី៦ និងត្រៀមបន្តអនុវត្តឲ្យសម្រេចបាននៅក្នុងនីតិកាលទី៧ និងលើកឡើងអំពីការត្រៀមបើកសម័យប្រជុំរដ្ឋសភាដំបូង នាថ្ងៃទី២១ ខែសីហា និងការបន្តកិច្ចប្រជុំនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដើម្បីអនុម័តរចនាសម្ព័ន្ធថ្នាក់ដឹកនាំសភា និងអនុម័តបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើរាជរដ្ឋាភិបាលនីតិកាលថ្មី។

សូមរំលឹកថា ការបោះឆ្នោតនៅកម្ពុជា លើកទី៧នេះ មានអត្រា នៃការចូលរួមបោះឆ្នោតខ្ពស់រហូតដល់៨៤,៥៩% បានចេញទៅបោះឆ្នោយជ្រើសតាំងតំណាងរាស្ត្រ របស់ខ្លួនដោយគ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង មានសណ្តាបធ្នាប់ របៀបរៀបរយល្អ ៕

To Top