គៀវ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Oleg Nikolenko បានឲ្យដឹង អ៊ុយក្រែននឹងមិនប្រគល់ទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៊ី ដើម្បីទទួលបានសមាជិកភាពអង្គការណាតូ នោះទេ។
លោក Nikolenko បានសរសេរនៅលើបណ្ដាញ Facebook ថា “ការពិភាក្សាអំពីអ៊ុយក្រែន ចូលរួមជាមួយអង្គការណាតូ ជាថ្នូរនឹងការបោះបង់ចោលផ្នែកខ្លះ នៃទឹកដីអ៊ុយក្រែន គឺពិតជាមិនអាចទទួលយកបាន” ។
លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែន ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ជាមួយអង្គការណាតូ ដើម្បីសម្រេចបានសមាជិកភាពពេញលេញនៅក្នុងសម្ព័ន្ធភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទីភ្នាក់ងារព័ត៌មាន Ukrinform បានរាយការណ៍ថា សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង បន្ទាប់ពីការអត្ថាធិប្បាយពីលោក Stian Jenssen នាយកការិយាល័យឯកជនរបស់អគ្គលេខាធិការអង្គការណាតូ ដែលបានស្នើឱ្យអ៊ុយក្រែន ប្រគល់ទឹកដីរបស់ខ្លួនមួយផ្នែកទៅឱ្យរុស្ស៊ី ជាថ្នូរនឹងសមាជិកភាពណាតូ ដើម្បីបញ្ចប់សង្គ្រាម៕ ប្រែសម្រួល ឈូក បូរ៉ា