ព័ត៌មានជាតិ

ឥណ្ឌូនេស៊ី ឯកភាពទិញអង្ករពីកម្ពុជា ជាង១២ម៉ឺនតោន

រូបភាព៖ ក្រសួងពាណិជ្ជកម្ម

ភ្នំពេញ ៖ ឥណ្ឌូនេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ១២៥ ០០០តោន ខណៈដែលភាគីទាំងពីរ ក៏បានឯកភាពគ្នាឲ្យមានការរៀបចំឡើងវិញ នូវអនុស្សារណនៃការយោគយល់ (MoU) ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ក្នុងបរិមាណអង្កររហូតដល់ ២៥០ ០០០តោន ក្នុងរយៈពេលមួយឆ្នាំសម្រាប់សុពលភាព៤ឆ្នាំ។

ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Pahala Nugraha Mansury អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី នាថ្ងៃ១៦ សីហា។

ក្នុងជំនួបទ្វេភាគីនោះកម្ពុជា និងឥណ្ឌូណេស៊ី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយផ្អែក និងពង្រឹងនូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរដែលបានចែករំលែកទៅវិញទៅមកនូវប្រវត្តិសាស្រ្ត សាសនា ការផ្សាភ្ជាប់នយោបាយរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះជាមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ភាគីកម្ពុជាបាន ពិភាក្សាជាមួយភាគីឥណ្ឌូណេស៊ី នូវលទ្ធភាពការនាំចេញអង្ករ ទៅប្រទេសឥណ្ឌូណេស៊ី តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាស្តីពី ពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរ។

ភាគីកម្ពុជាបានស្នើឲ្យភាគីមិត្តឥណ្ឌូនេស៊ី ជួយជម្រុញ ការបញ្ជាទិញ អង្ករពីកម្ពុជាទៅឥណ្ឌូនេស៊ី តាមរយះយន្តការ នៃការធ្វើពាណិជ្ជកម្មអង្ករ ក្រោមរូបភាពរដ្ឋាភិបាល និងរដ្ឋាភិបាល (G2G), ឯកជន និង ឯកជន (B2B) ។ ជួយលើកទឹកចិត្ត អ្នកវិនិយោគឥណ្ឌូនេស៊ី មកវិនិយោគទុននៅកម្ពុជា ក្នុងផលិតកម្មស្រូវ ដោយទាក់ ទាញវិនិយោគ និងបង្កើតម៉ាស៊ីនកិនកែច្នៃអង្ករ ស្របតាមស្តង់ដារសម្រាប់ធ្វើការនាំចេញទៅកាន់ ប្រទេសឥណ្ឌូនេស៊ី និងទីផ្សារអន្តរជាតិ ។ ជួយលើកទឹកចិត្ត និងជម្រុញឲ្យមានកិច្ចប្រជុំរវាងធុរកិច្ច ប្រទេសទាំងពីរតាមរយៈជំនួបផ្ទាល់ និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីសម្រេចការនាំចេញអង្ករនិងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ឥណ្ឌូនេស៊ី។

ជាកិច្ចឆ្លើយតប ភាគីឥណ្ឌូនេស៊ី បានឯកភាពចំពោះការលើកឡើងរបស់ភាគីកម្ពុជា ព្រមទាំងមានបំណងធ្វើកិច្ចសហប្រតិបត្តិការស្តីពីពាណិជ្ជកម្មអង្ករ ដោយចង់នាំអង្ករពីកម្ពុជាទៅឥណ្ឌូនេស៊ី ក្នុងគោលបំណងរក្សាសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេសផងដែរ។

ជាមួយគ្នានោះដែរឥណ្ឌូនេស៊ី ក៏បានឯកភាពទិញអង្ករពីកម្ពុជា ក្នុងបរិមាណ១២៥ ០០០តោន ក្នុងនោះអង្ករ សបរិមាណ១០០០០០តោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុនBulog និងក្រុមហ៊ុន ហ្រ្គីនត្រេដ និងបរិមាណ ២៥ ០០០តោនទៀត ជាប្រភេទអង្ករប្រណិត ដោយអនុវត្តរវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា CRF។ ចំពោះតម្លៃ និងលក្ខខណ្ឌ័ផ្សេងទៀតភាគីទាំងពីរ និងបន្ត ពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។

លើសពីនេះភាគីទាំងពីរ បានឯកភាពគ្នាឲ្យមានការរៀបចំឡើងវិញនូវអនុស្សារណនៃការយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ក្នុងបរិមាណអង្កររហូតដល់ ២៥០ ០០០តោនក្នុងរយៈពេលមួយឆ្នាំ សម្រាប់សុពលភាព៤ឆ្នាំ។ ភាគីទាំងពីរបានឯកភាពបង្កើតនូវយន្តការ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង និងសម្របសម្រួលក្នុង កិច្ចការពាណិជ្ជកម្មអង្ករផងដែរ ៕

To Top