ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បញ្ជាក់ថា IRGC គឺជាអង្គការប្រឆាំង ភេរវកម្មដ៏ធំបំផុត របស់ពិភពលោក

ប្រភព៖AFP

តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានឲ្យដឹងថា អង្គភាពឆ្មាំ បដិវត្តន៍អ៊ីស្លាម (IRGC) របស់ប្រទេស អ៊ីរ៉ង់ គឺជាអង្គការប្រឆាំង ភេរវកម្មដ៏ធំបំផុត របស់ពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ នៅ​លើ​គេហទំព័រ​របស់​មេដឹកនាំ ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​មេ​បញ្ជាការ និង​មន្ត្រី​របស់ IRGC នៅ​ក្នុង​រដ្ឋធានីតេអេរ៉ង់ របស់​អ៊ីរ៉ង់ ។

លោកបានសរសើរកងកម្លាំងយោធា ចំពោះសមិទ្ធិផល និងតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខជាតិ និងក្នុងតំបន់ ហើយបានថ្កោលទោស ការខិតខំប្រឹងប្រែង របស់រដ្ឋលោកខាងលិចមួយចំនួន ក្នុងការធ្វើឱ្យខូចមុខមាត់របស់ខ្លួន។

មេដឹកនាំកំពូលរូបនេះបានបន្ថែមថា IRGC គឺជា “អង្គការយោធា ដែលមានឧបករណ៍ល្អ មានប្រសិទ្ធភាព និងឯករាជ្យ ដែលមានសមត្ថភាពធ្វើកិច្ចការ ដែលកងទ័ពដ៏អស្ចារ្យជាច្រើន របស់ពិភពលោកមិនអាចធ្វើបាន” ។ កាលពីខែមេសា ឆ្នាំ២០១៩ សហរដ្ឋអាមេរិក បានកំណត់ IRGC ជា “អង្គការភេរវករបរទេស” ដែលជាទង្វើមួយ ដែលត្រូវបានថ្កោលទោសយ៉ាងខ្លាំងដោយអ៊ីរ៉ង់។

នៅខែមករាឆ្នាំ២០២៣ សេចក្តីព្រាងសេចក្តីសម្រេចមួយត្រូវបានអនុម័តនៅក្នុងសភាអឺរ៉ុប ដោយអំពាវនាវឱ្យ “សហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន ដែលបានបញ្ចូល IRGC នៅក្នុងបញ្ជីភេរវកម្មរបស់សហភាពអឺរ៉ុប” ។

លើសពីនេះ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នពាក់ព័ន្ធជាមួយ IRGC ដោយចោទប្រកាន់ពួកគេពីបទ “រំលោភសិទ្ធិមនុស្ស នៅអ៊ីរ៉ង់ និងគាំទ្ររុស្ស៊ីក្នុងសង្រ្គាមជាមួយអ៊ុយក្រែន តាមរយៈការផ្តល់ឲ្យរុស្ស៊ី នូវយន្តហោះដ្រូនរបស់អ៊ីរ៉ង់។

មន្ត្រីអ៊ីរ៉ង់បានច្រានចោល ការចោទ ប្រកាន់ម្តងហើយម្តងទៀតថាជា “គ្មានមូលដ្ឋាន” ដោយបញ្ជាក់ពីតួនាទីរបស់ IRGC ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម នៅក្នុងតំបន់។ជាការឆ្លើយតបនឹងទណ្ឌកម្មនេះ អ៊ីរ៉ង់ ក៏បានដាក់ទណ្ឌកម្មសងសឹកប្រឆាំងនឹងមន្ត្រីអឺរ៉ុប និងអាមេរិកមួយចំនួនវិញផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top