បរទេស៖ ប្រភពបាននិយាយថា មន្ត្រីប៉ូលីស និងនាយកដ្ឋានកែប្រែ របស់ថៃនឹងចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ភ្លាមៗនៅពេលដែលលោកចុះពីលើយន្តហោះឯកជន របស់លោកនៅក្នុងអាកាសយានដ្ឋានដនមឿង នៅថ្ងៃអង្គារ ទី២២ ខែសីហានេះ ។
យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា កូនស្រីពៅរបស់លោកថាក់ស៊ីន គឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានបង្ហោះបណ្តាញ Instagram កាលពីថ្ងៃសៅរ៍ថា លោកស្រីនឹងទៅជួបឪពុក របស់លោកស្រី នៅព្រលានយន្តហោះដុនមឿងនៅម៉ោង ៩ ព្រឹកថ្ងៃអង្គារ ២២ ខែសីហានេះ។
ប្រភពបានឲ្យដឹងថា ប៉ូលិស និងនាយកដ្ឋានកែប្រែ ក៏បានបង្កើតផែនការ បន្ទាន់មួយផងដែរ ក្នុងករណីលោក ថាក់ស៊ីន មកដល់ក្រោយពេលប៉ុន្មានម៉ោង ដែលតុលាការ អាចបើកសវនការបាន។
ប្រសិនបើលោក ថាក់ស៊ីន មកដល់ក្នុងម៉ោង ដែលតុលាការ នៅតែអាចបើកសវនការបាន លោកនឹងត្រូវបញ្ជូន ទៅផ្នែកព្រហ្មទណ្ឌ នៃតុលាការកំពូល សម្រាប់អ្នកកាន់ការិយាល័យ នយោបាយ មុនពេលដែលមន្ត្រីនាយកដ្ឋាន កែប្រែនាំលោកទៅពន្ធនាគារ Remand ក្រុងបាងកក។
ប្រសិនបើលោក ថាក់ស៊ីន មកដល់ក្រោយម៉ោងតុលាការបើកសវនការ លោកនឹងត្រូវនាំទៅស្នងការប៉ូលីស ជាកន្លែងដែលលោកនឹងត្រូវឃុំខ្លួនមួយយប់ មុនពេលលោកត្រូវបានគេនាំទៅតុលាការកំពូលនៅព្រឹកឡើង។
ប្រភពក៏បាននិយាយទៀតថា នៅពេលលោក ថាក់ស៊ីន មកដល់ លោកនឹងត្រូវប៉ូលិសអន្តោប្រវេសន៍ចាប់ខ្លួន ហើយបន្ទាប់មកនាំទៅកាន់ប៉ុស្តិ៍ប៉ូលិស ដនមឿង ដើម្បីធ្វើកំណត់ហេតុចាប់ខ្លួន។ បន្ទាប់មក លោកនឹងត្រូវនាំទៅកាន់ផ្នែកព្រហ្មទណ្ឌរបស់តុលាការកំពូល ចេញពីកន្លែងដែលមន្ត្រីនាយកដ្ឋានកែប្រែ នឹងទទួលខុសត្រូវ។
យោងតាមលោក អាយុទ្ធ ស៊ីនតូផាន (Aryut Sintopphan) អគ្គនាយក នៃនាយកដ្ឋានកែប្រែ , លោកថាក់ស៊ីន នឹងត្រូវបានកត់ត្រាថា ជាអ្នកទោស នៅពេលដែលលោកត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ Remand ទីក្រុងបាងកក។ បន្ទាប់មកលោកនឹងត្រូវដាក់ឱ្យ នៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃ ។
ដោយសារថាក់ស៊ីន មានវ័យចំណាស់ គ្រូពេទ្យរបស់ពន្ធនាគារ នឹងកំណត់ថា តើលោកត្រូវស្ថិតនៅក្រោម ការមើលថែយ៉ាងដិត ដល់របស់វេជ្ជបណ្ឌិត ឬយ៉ាងណា។ ប្រសិនបើគេរកឃើញថា លោកមានជំងឺរ៉ាំរ៉ៃ គឺគ្រូពេទ្យនឹងសម្រេចថា តើលោកគួរត្រូវឃុំខ្លួន ក្នុងមន្ទីរពេទ្យរបស់ពន្ធនាគារ ឬអត់។
នៅពេលដែលស្ថិត នៅក្នុងពន្ធនាគារ អ្នកយាមនឹងពិចារណាអនុញ្ញាត ឱ្យលោកត្រូវបានសួរសុខទុក្ខ ដោយសាច់ញាតិជិតស្និទ្ធ ក្នុងអំឡុងពេលដំបូង នៃការឃុំខ្លួន។
ទោះជាយ៉ាងនេះក្តី ការចូលសួរសុខទុក្ខ នឹងត្រូវបានអនុញ្ញាត លុះត្រាតែមន្ត្រីកំណត់ថាមិនមានជំងឺឆ្លងនៅក្នុងពន្ធនាគារ៕
ប្រែសម្រួលៈ ណៃ តុលា