បរទេស ៖ លោក Boris Gryzlov បេសកជនរបស់ទីក្រុងមូស្គូ ប្រចាំប្រទេសបេឡារុស្ស បានព្រមានថា រុស្ស៊ីនឹងចាត់ទុកការវាយប្រហារ ណាមួយលើប្រទេសបេឡារុស្ស ថាជាការឈ្លានពានមកលើរុស្ស៊ី ហើយថា រុស្ស៊ីនឹងប្រើសមត្ថភាពយោធា ទាំងអស់របស់ខ្លួន ដើម្បីសងសឹក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ទូរទស្សន៍ STV របស់បេឡារុស្ស អ្នកការទូត ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃរុស្ស៊ីរូបនេះ បានព្រមានភាគីទីបីកុំឱ្យវាយប្រហារសម្ព័ន្ធមិត្ត ដ៏សំខាន់របស់ខ្លួន។
លោក Gryzlov បានលើកឡើងដោយព្រលយប្រាប់ពីជម្រើសនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរថា “ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយយ៉ាងច្បាស់ថា នៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារលើប្រទេសបេឡារុស យើងនឹងចាត់ទុកវាថាជាការវាយប្រហារលើប្រទេសរុស្ស៊ី។ គោលលទ្ធិយោធានៃសហព័ន្ធរុស្ស៊ី រួមបញ្ចូលក្នុងករណីបែបនេះ ការឆ្លើយតបជាមួយនឹងសព្វាវុធរបស់យើងទាំងអស់” ។
រុស្ស៊ី និងបេឡារុស្ស បានបង្កើនកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ ចំពេលមានជម្លោះដែលកំពុងបន្តរវាងទីក្រុងមូស្គូ និងគៀវ។ កាលពីដើមឆ្នាំនេះ រុស្ស៊ីបានប្រកាសដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងប្រទេសបេឡារុស្ស បន្ទាប់ពីការស្នើសុំម្តងហើយម្តងទៀត ពីរដ្ឋាភិបាលទីក្រុង Minsk ដើម្បីធ្វើដូច្នេះ ។ ថ្នាក់ដឹកនាំបេឡារុស្សបានលើកឡើង ពីគោលនយោបាយលោកខាងលិចដ៏ឈ្លានពានចំពោះប្រទេសនេះ និងការគំរាមកំហែង ដែលបង្កឡើងដោយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដែលរៀបចំដោយសម្ព័ន្ធមិត្តអឺរ៉ុប នៅទីក្រុងវ៉ាស៊ីនតោន ៕
ប្រែសម្រួលៈ ណៃ តុលា