ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសដាក់ចេញនូវគោលនយោបាយ ផ្តល់ប្រាក់ឧបត្ថម្ភជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ទឹកប្រាក់សរុបប្រមាណជាង ២ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាល បើកផ្តល់ជូនបងប្អូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ តាមរយៈ ប.ស.ស. ដែលក្នុងនោះ ស្រ្តីពិនិត្យផ្ទៃពោះ មុនសម្រាលមានចំនួន ២ ៧៥០នាក់, ពិនិត្យសុខភាព ក្រោយសម្រាលចំនួន ១ ១០០នាក់, កុមារអាយុក្រោម២ឆ្នាំ ដែលបានទទួលវ៉ាក់សាំងចំនួន ៧៥៤នាក់, និងស្រ្តីបានសម្រាលកូនរួច ចំនួន ៣ ២២៧នាក់ ដែលមានចំនួនកូនសរុប ៣ ២៤១នាក់ នេះបើយោងតាមការបញ្ជាក់ ពីសំណាក់លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃបេឡាជាតិសន្តិសុខសង្គម។
លោកបណ្ឌិតបានបញ្ជាក់ឱ្យដឹងទៀតថា៖ បើគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ប.ស.ស. បានបើកប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលសរុបប្រមាណជាង ១៦ ពាន់ ៨២៦លាន ៧២ម៉ឺនរៀល ជូនដល់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនសរុប ចំនួន ៣៩ ៩៤៧នាក់ និងមានចំនួនកូនសរុប ៤០ ២២៣នាក់។ ទន្ទឹមនឹងការផ្តល់ប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាលខាងលើ បេឡាជាតិសន្តិសុខសង្គម ក៏បានបើកផ្តល់តាវកាលិក ផ្នែកថែទាំសុខភាព ជូនសមាជិករបស់ខ្លួន ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ ដែលក្នុងរយៈពេលដូចគ្នា គឺចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ប.ស.ស. បានចំណាយថវិកាសរុប ប្រមាណជាង ៨៣ពាន់ ៨១៧លានរៀល ស្មើនឹង ៤៦ ៩៩១ ករណី។
តាមរយៈការផ្តល់ជូននូវប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ជាច្រើន ខាងលើនេះ គឺសរបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលបានផ្តល់ការគាំពារ និងយកចិត្តទុកដាក់កាន់ តែខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត តាមរយៈគោលនយោបាយ ដែលបានដាក់ចេញថ្មីៗជាបន្តបន្ទាប់៕