ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញបំណងប្រាថ្នា ចង់ឃើញអ្នកបន្តវេនដែលមានលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី ធ្វើឲ្យសម្រេចបាននូវកិច្ចការសំខាន់ៗ២យ៉ាង ។
ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២២ សីហានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កិច្ចការសំខាន់ទាំង២យ៉ាងនោះរួមមាន៖ ទី១.បន្តថែរក្សាឲ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាចំណុចមូលដ្ឋានគ្រឹះ និង២.សម្រេចឲ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្លាយទៅជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់តែម្ដង និងអត្រានៃភាពក្រីក្រ ត្រូវកាត់បន្ថយឲ្យបានទាបបំផុត។
សម្ដេចតេជោថ្លែងថា «ខ្ញុំចង់ឃើញ២ចំណុចសំខាន់ ទី១.ចង់ឃើញអ្នកបន្តវេន ជំនាន់ក្រោយបន្តរក្សានូវសន្តិភាព និងស្ថេរភាពខាងនយោបាយ ឲ្យបានតទៅទៀត ឯចំណុចទី២ដែលខ្ញុំចង់ឃើញ គឺសម្រេចឲ្យបាននូវការចាកចេញ ពីប្រទេសដែលមានការអភិឌ្ឍន៍តិចតួច ឲ្យក្លាយទៅជាប្រទេសដែលមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ តាមការគ្រោងទុក និងឈានទៅដល់ប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់តែម្ដង អត្រានៃភាពក្រីក្របើមិនដល់កម្រិតសូន្យទេ ក៏ឲ្យមកដល់កម្រិតទាបបំផុត ។ នេះជាអ្វីដែលខ្ញុំចង់ឃើញថា ជំនាន់នេះពួកគេនឹងខិតខំធ្វើនូវកិច្ចការងារ២នេះ» ។
សម្ដេចតេជោសង្កត់ធ្ងន់ថា «យើងទុកមរតកឲ្យពួកគេអំពីសន្តិភាព និងស្ថេរភាពនយោបាយ យើងក៏ចង់ឲ្យពួកគេបន្តរក្សានូវសន្តិភាព និងស្ថេរនយោបាយជាបន្តទៀត ។ ឯមួយទៀតចង់ឲ្យពួកគេសម្រេចឲ្យបាននូវការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលខ្ពស់ នោះហើយជាមរតកដែលយើងចង់បាន» ។
សម្ដេចលើកឡើងថា សម្ដេចក៏ចង់ឃើញ នូវអ្វីៗដែលបានកើតបន្ថែមលើសមទ្ធិផលចាស់ដែលបានបង្កើតនៅទីនេះ រាប់ទាំងការប្រែប្រួលអំពីស្ថានភាព ទាក់ទិនជាមួយបរិយាកាសសង្គមផងដែរ កម្រិតអប់រំរបស់ប្រជាជន ត្រូវតែមានកម្រិតខ្ពស់ឡើង ការប្រឆាំងអំពើពុករលួយ និងភាពអសកម្មនានាក្នុងសង្គម ត្រូវតែធ្វើឲ្យមានប្រសិទ្ធភាព ។ សម្ដេចថា ទាំងនេះជាអំរែកដ៏លំបាក របស់អ្នកបន្តវេន ដែលមិនមែនជារឿងសាមញ្ញនោះទេ ។
សម្ដេចថ្លែងថា អ្វីដែលសម្ដេចមានប្រសាសន៍ប៉ុណ្ណេះប្រហែលអ្នកទាំងអស់គ្នា អាចយល់ស៊ីជម្រៅពីអ្នកជំនាន់មុន ដែលព្រះករុណាបិតា នរោត្ដមសីហនុ បានបន្សល់ទុកឲ្យនូវឯករាជ្យពីបារាំង ខណៈសម្ដេចបានទុកឲ្យអ្នកជំនាន់ក្រោយ នូវសន្តិភាព ស្ថេរភាពនយោបាយ ហើយសម្ដេចក៏ចង់ឲ្យអ្នកជំនាន់ក្រោយ បន្សល់ទុកឲ្យអ្នកជំនាន់ក្រោយបន្តទៅទៀត នូវអ្វីដែលសម្ដេចបានលើកឡើង ៕