ព័ត៌មានជាតិ

រដ្ឋបាលក្រុង-ស្រុក១៩០ ត្រូវបានអនុវត្ត មូលនិធិវិនិយោគ រដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ ៖ លោកបណ្ឌិត កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាល ថ្នាក់ក្រោមជាតិ និងជាប្រធានលេខាធិការដ្ឋាន ក.វ.កបានឲ្យដឹងថា គិតចាប់ពីឆ្នាំ២០១៧ ដល់បច្ចុប្បន្ន រដ្ឋបាលក្រុង-ស្រុក ទាំង១៩០ នៅទូទាំងប្រទេស ត្រូវបានអនុវត្តមូលនិធិវិនិយោគ រដ្ឋបាលថ្នាក់ក្រោមជាតិ ។

លោកបណ្ឌិត កែវ បេងវឌ្ឍន៍ បានថ្លែងបន្ត ក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់អន្តរក្រសួង ស្តីពីការធ្វើបច្ចុប្បន្នភាព គោលការណ៍ណែនាំ ស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាលក្រុង-ស្រុកនៅថ្ងៃ២៣ សីហាថា ក្នុងនោះរដ្ឋបាលក្រុងត្រូវប្រកួតប្រជែង ផ្អែកលើគោលការណ៍វាយតម្លៃ សមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាលក្រុង និងរដ្ឋបាលស្រុកត្រូវប្រកួតប្រជែង ផ្អែកលើគោលការណ៍វាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាលស្រុក។ ជាលទ្ធផលរដ្ឋបាលក្រុង ស្រុកចំនួន១២២ (ក្រុងចំនួន១៤ និង ស្រុកចំនួន១០៨) បានទទួលជ័យលាភីពីការ វាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ ដែលសរុបថវិកាវិភាជន៍ចំនួន ៤១ ៤០៦លានរៀលជាថវិការដ្ឋ។

លោកបានឲ្យដឹងទៀតថា ដោយឡែក ថវិកាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានជ្រើសរើសរដ្ឋបាលក្រុង ស្រុក ខណ្ឌជ័យលាភីចំនួន ១១១ (ក្រុងចំនួន១៥ ស្រុកចំនួន៩២ និងខណ្ឌចំនួន៤) សរុបថវិកាចំនួន ៤២ ៥៩៣លានរៀល។

លោកបណ្ឌិត កែវ បេងវឌ្ឍន៍ បន្ថែមថា គោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលក្រុង-ស្រុក គឺជាឧបករណ៍វាយតម្លៃដែលលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគ រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រើប្រាស់ ដើម្បីវាយតម្លៃការបំពេញ ភារកិច្ចរបស់រដ្ឋបាលក្រុង ស្រុក និងបានដាក់ឱ្យអនុវត្ត ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣ នេះ ។

លោកថា ដើម្បីឆ្លើយតបទៅនឹងបរិបទ នៃការអនុវត្តការងារ របស់រដ្ឋបាលក្រុង-ស្រុកនាពេលបច្ចុប្បន្ន និងការធ្វើបច្ចុប្បន្នភាព លិខិតបទដ្ឋាន គតិយុត្តនានា, លេខាធិការដ្ឋាន ក.វ.ក នឹងរៀបចំកែសម្រួលគោលការណ៍ ណែនាំស្តីពីការវាយតម្លៃ សមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាលក្រុង ស្រុក ដើម្បីធានាសង្គតិភាពជាមួយនិង លិខិតបទដ្ឋានគតិយុត្តិថ្មីៗ និងដើម្បីពង្រឹងការអនុវត្តមូលនិធិវិនិយោគរដ្ឋបាល ថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ ហេតុនេះហើយ សិក្ខាសាលានេះគឺ មានគោលបំណង ស្វែងរកធាតុចូល ពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានអនុវត្ត ការងារ ដោយផ្ទាល់ ជាមួយរដ្ឋបាលក្រុង-ស្រុក ដើម្បីកែសម្រួលនូវគោលការណ៍ ណែនាំខាងលើឲ្យកាន់ តែមានភាពសមស្រប និងអាចអនុវត្តបាន ៕

To Top