ព័ត៌មានជាតិ

លោក ប៉េង ពោធិ៍នា ប្ដេជ្ញាយកចំណេះដឹង ជំនាញ មកអភិវឌ្ឍន៍វិស័យដឹកជញ្ជូន ឲ្យរីកចម្រើនថែមទៀត

ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី បានប្ដេជ្ញាយកចំណេះដឹង ជំនាញ និងបទពិសោធន៍ មកអភិវឌ្ឍវិស័យ សាធារណការ និងដឹកជញ្ជូន ឲ្យកាន់តែមានវឌ្ឍនភាពរីកចម្រើនបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។

តាមរយៈសារ របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនីតិកាលទី៧ នៃរដ្ឋសភា គូសបញ្ជាក់ថា «ក្នុងនាមជារដ្ឋមន្ត្រី បន្តវេនមួយរូប ខ្ញុំសូមប្តេជ្ញា យកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលបានរៀនសូត្រ និងចូលរួមអនុវត្តពីថ្នាក់ដឹកនាំជារៀមច្បង អស់រយៈពេលជាង ៧ឆ្នាំ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មកប្រើប្រាស់ឲ្យអស់ពីសមត្ថភាព និងកម្លាំងកាយចិត្ត ដើម្បីបន្តអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែមានវឌ្ឍនភាព រីកចម្រើនបន្ថែមទៀត ស្របតាមកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានផ្ដោត លើគោលនយោបាយ អាទិភាពសម្រាប់ការអភិវឌ្ឍចំនួន ៥ចំណុច”។

៥ចំណុចនោះ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ លោកថា ចំណុចទាំង៥នេះ ដើម្បីប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

លោករដ្ឋមន្ដ្រីសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ ក្រសួង នឹងខិតខំយកអស់កម្លាំងកាយចិត្ត និងសមត្ថភាព ចូលរួមអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនីតិកាលទី៧ ប្រកបដោយឆន្ទៈមោះមុត ភាពបុរេសកម្ម និងអន្តរសកម្ម ដើម្បីសហការគ្នាជាធ្លុងមួយ សម្រចឲ្យបាននូវ សមិទ្ធផលការងារថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ជូនរាជរដ្ឋាភិបាល និងជាប្រយោជន៍ដល់សាធារណជនជារួម៕

To Top