ព័ត៌មានអន្តរជាតិ

ណូវែលសេឡង់ នឹងចំណាយប្រាក់ រហូតដល់ជាង៥០០លានដុល្លារ ដើម្បីស្តារឡើងវិញក្រុង Auckland ដែលរងការជន់លិច ដោយគ្រោះទឹកជំនន់

វ៉ែលលីងតុន ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ថា រដ្ឋាភិបាលនូវែលសេឡង់ បានដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងចំណាយប្រាក់ យ៉ាងហោចណាស់៨៧៧លានដុល្លារ ណូវែលសេឡង់ ស្មើនឹងប្រមាណ៥២៤លានដុល្លារអាមេរិក ឆ្ពោះទៅរកការស្តារទីក្រុងដ៏ធំបំផុត របស់ប្រទេសឡើងវិញ បន្ទាប់ពីរងការបំផ្លិចបំផ្លាញ ដោយគ្រោះទឹកជំនន់កាលពីខែមករា ដែលបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យផ្ទះមួយចំនួន មិនអាចរស់នៅបានឡើយ ។

គួរបញ្ជាក់ថា ទីក្រុង Auckland ជាទីក្រុងដែលមានប្រជាជនចំនួន១,៦លាននាក់ បានរងគ្រោះដោយទឹកជំនន់ភ្លាមៗ និងគ្រោះបាក់ដីកាលពីចុងខែមករា ដែលបានសម្លាប់ មនុស្សចំនួន៤នាក់ ធ្វើឲ្យខូចផ្លូវថ្នល់ និងបំផ្លាញផ្ទះសម្បែង របស់ពលរដ្ឋ ។

លោក Grant Robertson រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានថ្លែងថា រដ្ឋាភិបាលនឹងចំណាយប្រាក់រហូតដល់៣៨៧លានដុល្លារ ណូវែលសេឡង់ ឬប្រហែល៥០ភាគរយនៃតម្លៃទិញដែលបានព្រមព្រៀងគ្នាដែលតិចជាងការបង់ប្រាក់ធានារ៉ាប់រងសម្រាប់ផ្ទះសម្បែងដែលចាត់ទុកថា មិនអាចរស់នៅបាន ។

ក្រុមប្រឹក្សាភិបាលនៃក្រុង Auckland នឹងធ្វើការចំណាយឲ្យអស់ សម្រាប់ប្រាក់ដែលនៅសល់ ។

លោក Robertson បានថ្លែងយ៉ាងដូច្នេះថា រដ្ឋាភិបាលក៏នឹងផ្តល់វិភាគទាន ចំនួន៣៨០លានដុល្លារ ណូវែលសេឡង់ ដើម្បីវិនិយោគលើការការពារគ្រោះទឹកជំនន់នៅក្នុងក្រុង Auckland និងទឹកប្រាក់១១០លានដុល្លារ ណូវែលសេឡង់ សម្រាប់បណ្តាញដឹកជញ្ជូន ដែលរងផលប៉ះពាល់ដោយ ព្រឹត្តិការណ៍អាកាសធាតុ ។

លោក Robertson បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍ មួយថា “ខ្ញុំរីករាយដែលយើងបានឈាន ដល់កិច្ចព្រមព្រៀងនេះ ដូច្នេះក្រុមប្រឹក្សាភិបាល ក្រុង Auckland អាចផ្តល់ភាពប្រាកដប្រជា សម្រាប់ប្រជាជន ដែលទ្រព្យសម្បត្តិ ឬអ្នកដែលនៅជិតទ្រព្យសម្បត្តិបស់ពួកគេ ដែលបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយគ្រោះបាក់ដី ឬគ្រោះទឹកជំនន់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top