ព័ត៌មានអន្តរជាតិ

ប្រទេសចិន នៅក្នុង BRICS ដើរតួនាទីកាន់តែសំខាន់ ក្នុងដំណោះស្រាយសកល

ដើម្បីបន្តវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ របស់ខ្លួន ក្រុមប្រទេស BRICS ដែលបានចាប់បដិសន្ធិនាថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១១ ដោយចាប់ចេញ ដំណើរពី BRIC នៅឆ្នាំ២០០១ ហើយបើយោងតាមទិន្នន័យធនាគារ ពិភពលោក (World Bank) ចាប់តាំងពីដើមសតវត្សទី២១មក បណ្តាប្រទេស BRICS ត្រូវបានចាត់ទុកថា ជាប្រទេស ដែលមានសេដ្ឋកិច្ច អភិវឌ្ឍន៍ ខ្លាំងបំផុត ទាំងប្រាំ ក្នុងពិភពលោក ដែលរួមបញ្ចូលគ្នាមាន៤១% នៃចំនួនប្រជាជនពិភពលោកសរុប២៤% នៃផលិតផលក្នុងស្រុកសរុប របស់ពិភពលោក និងជាង១៦% ជាចំណែកនៅក្នុងវិស័យពាណិជ្ជកម្មពិភពលោក ព្រមទាំងមានផលិតផល ក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២២ ប្រមាណជាង២៦ ទ្រីលានដុល្លារអាមេរិក ដែលក្នុងនោះផលិតផល ក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២២ របស់ប្រទេសចិន មានប្រមាណជាង១៨ទ្រីលានដុល្លារអាមេរិក ហើយគិតត្រឹមបច្ចុប្បន្ន ទំហំសេដ្ឋកិច្ចសរុប របស់ប្រទេស BRICS បានកើនដល់ ចំនួនប្រហែល១/៤ នៃទំហំសេដ្ឋកិច្ចពិភពលោក បានបំពេញតាមតម្រូវការរួម របស់ក្រុមប្រទេស BRICS សម្រាប់ការអភិវឌ្ឍ ហើយកិច្ច សហប្រតិបត្តិការនោះ នឹងនៅស្ថិតស្ថិរជាមួយនឹងនិន្នាការ ប្រវត្តិសាស្ត្រ ។ ថ្វីបើក្រុមប្រទេស BRICS មានលក្ខខណ្ឌ ក្នុងប្រទេសខុសៗគ្នា ក៏ដោយ ក៏ក្រុមប្រទេសBRICS បានចូលរួមប្តេជ្ញាជាមួយគ្នា ក្នុងការបន្តការអភិវឌ្ឍ និងវិបុលភាពតាមរយៈភាពជាដៃគូ សហការផងដែរ ។ ការណ៍នេះប្រទេសចិន បានជួយឲ្យក្រុមប្រទេសBRICS យកឈ្នះនូវភាពខុសគ្នារវាងគ្នា ហើយស្វែងរកការផ្តល់ផលប្រយោជន៍រួម និងឈ្នះ-ឈ្នះ ។

ដើម្បីធានាបាននូវការលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុង យន្តការពហុភាគីនិយម ពិភពលោកនៅចាំបានថាក្នុងអំឡុង ពេលធ្វើជាប្រទេសចិន ជាប្រធានប្តូរវេននៃវេទិកាកំពូលរបស់BRICS ឆ្នាំ២០២២ ប្រទេសចិនបានដាក់ចេញ នូវគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលធានាដល់ការថែរក្សាសន្តិសុខ និងសន្តិភាពរបស់ពិភពលោក ដោយមិនបែងចែកប្រព័ន្ធ នយោបាយ លក្ខណៈភូមិសាស្រ្ត និងការអភិវឌ្ឍសេដ្ឋកិច្ច របស់បណ្តាប្រទេសនានា ស្របនឹងទស្សនៈ របស់លោក Xi Jinping ដែលបានលើកឡើងថា ច្បាប់អន្តរជាតិ ត្រូវអនុលោមតាមកម្មវត្ថុនិង គោលការណ៍នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ ត្រូវតាក់តែងឡើងនិង គាំពារដោយមនុស្សទាំងអស់គ្នា ។ មិនអាចថាអ្នកណាខ្លាំង ក៏អ្នកនោះជាអ្នកសម្រេចនោះទេ រហូតដល់បង្កើត បក្សសម្ព័ន្ធ ចាត់ទុកច្បាប់ របស់បក្ខពួកថាជាច្បាប់អន្តរជាតិ ។ ប្រទេស BRICS ត្រូវអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ដើម្បីគាំពារប្រព័ន្ធអន្តរជាតិ ដែលមានអង្គការ សហប្រជាជាតិជាស្នូល ។ លើសពីនេះទៀត ប្រទេសចិនបានអំពាវនាវ ឱ្យមានការលើក ទឹកចិត្តយ៉ាងសកម្ម ដល់ប្រទេស សមាជិកថ្មីឱ្យចូលរួម ជាមួយ BRICS ក្នុងទម្រង់ BRICS+ ដែលជាពិសេសក្នុងឆ្នាំ២០២៣នេះ វេទិកាកំពូលនៃបណ្តាប្រទេសBRICS លើកទី១៥ នឹងនាំមកនូវធាតុចូល និងគំនិតថ្មីៗ ដល់ការអភិវឌ្ឍប្រកបដោយចីរភាព របស់ពិភពលោកដោយមានគំរូភាព និងបទពិសោធន៍ល្អៗ ពីប្រទេសចិន ក្នុងការថែរក្សាសន្តិភាព និងកិច្ចអភិវឌ្ឍ ប្រកបដោយចីរភាព តាមរយៈការទូតសន្តិភាព ។

ដើម្បីរក្សានូវភក្តីភាពចំពោះសហគមន៍រួមវាសនា នៃមនុស្សជាតិលើសុខដុមនីយកម្ម រវាងគ្នានិងគ្នាដែលជាហ្សែន របស់ជនជាតិចិនតាំងពីបុរាណកាលមក ប្រទេសចិនតែងជំរុញសកលភាវូបនីយកម្ម សេដ្ឋកិច្ចឱ្យមានការបើកចំហ បរិយាប័ន្ន មានតុល្យភាព និងផ្តល់អត្ថប្រយោជន៍ ដល់មនុស្សគ្រប់គ្នា កសាងសេដ្ឋកិច្ចពិភពលោក បើកចំហ គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ហើយប្រឆាំង នឹងគោល នយោបាយគាំពារនិយម ។ ប្រទេសចិនតែងជំរុញកំណែ ទម្រង់ អភិបាលកិច្ច សេដ្ឋកិច្ចជាសកល បង្កើនការតំណាង និងសិទ្ធិនៃការបញ្ចេញមតិ របស់ប្រទេសទីផ្សារ ដែលលេចរូបរាងឡើង ក៏ដូចជាបណ្តាប្រទេស កំពុង អភិវឌ្ឍន៍ ដែលកំពុងរីកចម្រើន បញ្ចូលកម្លាំងចលករថ្មី ទៅក្នុងកិច្ចខិត ខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាគម្លាត នៃការអភិវឌ្ឍ រវាងបណ្តា ក្រុមប្រទេសនានា ហើយជំរុញកំណើន សេដ្ឋកិច្ចជាសកល ស្របនឹង ទស្សនៈរបស់លោក Xi Jinping បានលើកឡើងទៀតថា ត្រូវឱ្យធនាគារ អភិវឌ្ឍន៍ថ្មី ដើរតួនាទីកាន់តែសំខាន់ ដើម្បីជំរុញការធ្វើកំណែទម្រង់ នៃប្រព័ន្ធរូបិយវត្ថុនិងហិរញ្ញវត្ថុអន្តរជាតិ ដើម្បីលើកកម្ពស់ សិទ្ធិបញ្ចេញមតិនិង ភាពជាតំណាង របស់ប្រទេសកំពុងអភិវឌ្ឍន៍ ។

ដើម្បីបន្តស្មារតីនៃភាពជាដៃគូសហការ ដែលជ្រោមជ្រែង ដោយមនុស្សគ្រប់រូបក្នុងបុព្វហេតុ ដ៏សក្ដិសមដែលសមស្របទៅនឹង ការប្តេជ្ញាចិត្តដ៏យូរអង្វែង និងធ្វើឲ្យកិច្ចសហប្រតិបត្តិការ របស់ក្រុមប្រទេស BRICS មានភាពរស់រវើក ប្រទេសចិនតែងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដោយប្រទេសចិនបានដើរ តួនាទីយ៉ាង សំខាន់ ជាមួយក្រុមប្រទេសBRICS នៅក្នុងចំណងមិត្តភាពរវាងប្រជាជន ដែលនេះ គឺជាគន្លឹះដ៏សំខាន់ក្នុងការ ធ្វើឲ្យមានទំនាក់ ទំនងល្អរវាងរដ្ឋនិងរដ្ឋ ។ ប្រទេសចិនតែងមើលថែទាំដោយយកចិត្តទុកដាក់លើទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទើបអាចធ្វើឲ្យ ដើមឈើនៃមិត្តភាពនិងកិច្ច សហប្រតិបត្តិការនៃក្រុមប្រទេសBRICS និងបណ្តាប្រទេសនានា ក្នុងពិភពលោកបានរីកធំធាត់ តាមរយៈការផ្លាស់ប្តូរបទ ពិសោធន៍ ទៅវិញទៅមក រវាងយុវជនបន្តវេន ដូចជាកម្មវិធីស្ពានភាសាចិន កម្មវិធីបោះជំរុំនានានៅក្នុងប្រទេសចិនជាដើម។ ក្នុងវិស័យផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន លោក Xi Jinping បានលើកឡើងថា អរិយធម៌គឺចម្រុះបែបមាគ៌ាអភិវឌ្ឍន៍ក៏មានជម្រើសច្រើនបែបយ៉ាងដែរ នេះជាសភាព ដែលពិភពលោក គួរតែមាន ។ ប្រទេស BRICS ត្រូវផ្សព្វផ្សាយស្មារតីប្រមូលផ្តុំជាទូទៅ ដូចទឹកសមុទ្រ ដែលប្រមូលទឹកទន្លេ រាប់រយរាប់លានខ្សែ គួរផ្តួចផ្តើមឱ្យអរិយធម៌ខុសគ្នារួម រស់ដោយសន្តិភាព ត្រូវគោរពមាគ៌ាធ្វើទំនើបកម្ម ដែលប្រទេសនានាបានជ្រើសរើស។

ដើម្បីចូលរួមនៅក្នុងចរន្ត នៃការអភិវឌ្ឍសកល ប្រទេសចិន ដែលជាមហាអំណាច សេដ្ឋកិច្ចលំដាប់ទី២ របស់ពិភពលោក បានដើរតួយ៉ាងសំខាន់ នៅក្នុងក្រុមប្រទេសBRICS ហើយសេដ្ឋកិច្ចរបស់ប្រទេសចិន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចរបស់ក្រុមប្រទេសBRICS ហើយប្រទេសចិនក៏ជាកត្តា សំខាន់ក្នុងការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។ លើសពីនេះ ក្នុងនាមជាសមាជិក ស្នូលមួយ របស់ក្រុមប្រទេសBRICS ប្រទេសចិនបានដើរ តួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ផលប្រយោជន៍ សេដ្ឋកិច្ចនិងនយោបាយ របស់បណ្តាប្រទេសនានារួមទាំង តាមរយៈការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសចិន ជាមួយសមាជិកដទៃទៀត ដោយប្រទេសចិនតែងគាំទ្រយ៉ាងសកម្មដល់ធនាគារ អភិវឌ្ឍន៍ថ្មី (NDB)ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៤ និងគណៈកម្មាធិការសម្រប សម្រួលស្ថិរភាពហិរញ្ញវត្ថុ។

ជាសច្ចភាពដែលយើងមិនអាច ប្រកែកបាន នៅក្នុងទសវត្សកន្លង ទៅ ពិភពលោកបានសង្កេតឃើញ យ៉ាងច្បាស់ពីកិច្ច ខិតខំប្រឹងប្រែង ឥតឈប់ឈររបស់ប្រទេសចិន ដែលបានជំរុញនិងលើកទឹកចិត្ត ដល់ក្រុមប្រទេសBRICS ក្នុងការបន្តការអភិវឌ្ឍនិង ភាពជាដៃគូសហការកាន់តែស៊ីជ្រៅ។ គំនិតផ្តួចផ្តើមទាំង៤ របស់ប្រទេសចិនគឺជាការចាប់ផ្តើមជាប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសBRICS ដើម្បីពង្រីកនិងដើរតួនាទី កាន់តែសកម្មជាងមុន នៅក្នុងដំណោះស្រាយបញ្ហាសកល ។ ស្របនឹងទស្សនៈ របស់លោក Xi Jinping ដែលប្រកាន់ខ្ជាប់ថា មនុស្សជាតិ ជាមហាគ្រួសារ ដែលរួមជោគវាសនា សន្តិសុខសកលតភ្ជាប់គ្នា យ៉ាងជិតដិត ហើយក៏ជាការឆ្លើយតប ដ៏វិជ្ជមាន ចំពោះបំណងប្រាថ្នា របស់បណ្តាប្រទេស កំពុងអភិវឌ្ឍន៍ ដែលចង់សម្រេច អភិបាល កិច្ចសកលដោយយុត្តិធម៌ និងមានសេដ្ឋកិច្ចរីកចម្រើន ទើបប្រទេសចិន បានរួមកម្លាំងគ្នាជាមួយក្រុមបណ្តា ប្រទេសBRICS ក្នុងការបើកផែនទីបង្ហាញផ្លូវ សម្រាប់ទសវត្សរ៍មាសទី២ នៃកិច្ចសហប្រតិបត្តិការ របស់ក្រុមប្រទេស BRICS ហើយនាំយកនូវ ផលប្រយោជន៍ កាន់តែច្រើនដល់ប្រជាជន របស់ប្រទេសទាំងប្រាំ និងប្រជាជននៅជុំវិញ ពិភពលោក ស្របតាមទស្សនវិជ្ជា ស្តីពីកិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ ដែលមានអាយុកាល ១ទសវត្សរ៍មកហើយ ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន

To Top