គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ុយក្រែន បានប្រារព្ធខួបលើកទី៣២ នៃទិវាបុណ្យឯករាជ្យជាតិរបស់ខ្លួន ក្រោមវិធានការសន្តិសុខ ត្រូវបានរឹតបន្តឹង ។
នៅគ្រាថ្លែងសុន្ទរកថា នៅក្នុងពិធីបុណ្យឯករាជ្យ នៅទីលាន Saint Sophia ក្នុងទីក្រុង គៀវ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសម្តែងនូវជំនឿរបស់គាត់ថា អ៊ុយក្រែនមានសមត្ថភាព រក្សាឯករាជ្យភាពរបស់ខ្លួន ។
លោក Zelensky បានថ្លែងថា “យើងនឹងមិនបាត់បង់ការដណ្តើម បានឯករាជ្យ របស់អ៊ុយក្រែននោះទេ ។ យើងទាំងអស់គ្នាត្រូវបានរួបរួមគ្នា ដោយអារម្មណ៍មួយនេះ” ។
នៅក្នុងអំឡុងពេលពិធីផ្លូវការ លោក Zelensky បានផ្តល់រង្វាន់ដល់ទាហានអ៊ុយក្រែន ដែលបានចូលរួមក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន ជាមួយនឹងរង្វាន់ រដ្ឋាភិបាល ។
ការតាំងពិព័រណ៍អាវុធ និងសម្ភារៈយោធារបស់រុស្ស៊ី ដែលត្រូវបានបំផ្លាញត្រូវបានប្រារព្ធឡើង នៅកណ្តាលផ្លូវ Khreschatyk ដោយតាំងបង្ហាញរថពាសដែក កាំភ្លើងយន្ត និងសំណល់នៃមីស៊ីល ស្ទាក់ចាប់ផងដែរ ។
យ៉ាងណាក៏ដោយ នៅ តាមតំបន់ជាច្រើន នៅទូទាំងប្រទេស ព្រឹត្តិការណ៍សាធារណៈត្រូវបានហាមប្រាម ដោយសារតែមានការព្រួយ បារម្ភពីការវាយប្រហារថ្មីៗ ។
ប្រទេសអ៊ុយក្រែន ទទួលបានឯករាជ្យពីសហភាព សូវៀតនៅថ្ងៃទី២៤ ខែសីហាឆ្នាំ១៩៩១ ដែលត្រូវបានប្រារព្ធជាទិវាឯករាជ្យ របស់ប្រទេសនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា