ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិថ្មី នឹងសហការជាមួយភាគីចិន ដើម្បីបន្តផ្សព្វផ្សាយចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ ពិសេសរួមគ្នាកសាងសហគមន៍វាសនារួមរវាង កម្ពុជា-ចិន។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា។
នាឱកាសទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូអនុព័ន្ធយោធា នៃស្ថានទូតចិន ប្រចាំកម្ពុជា នាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានថ្លែងថា អនុព័ន្ធយោធាចិន គឺជាអនុព័ន្ធយោធាបរទេសដំបូងគេនៅកម្ពុជាក្រោយពេលលោក ទទួលបានការតែងតាំងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នេះបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងមិត្តភាពរវាងប្រទេសនិងយោធាទាំងពីរ។
លោកឧបនាយករដ្ឋមន្ដ្រី បានលើកឡើងថា «ភាគីកម្ពុជាសូមថ្លែងអំណរគុណដល់ភាគីចិនដែលតែងផ្តល់ការគាំទ្រនិងជួយតាមគ្រប់រូបភាពទាំងនយោបាយ សេដ្ឋកិច្ច យោធា និងវិស័យផ្សេងៗទៀត នឹងសហការជាមួយភាគីចិន ដើម្បីបន្តផ្សព្វផ្សាយចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងរួមគ្នាកសាងសហគមន៍វាសនារវាងកម្ពុជា-ចិន»។
លោក Tang Hao អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំនៃប្រទេសនិងកងទ័ពទាំងពីរ រយៈពេលតែប៉ុន្មានឆ្នាំនេះ កិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរប្រទេសទទួលបានសមិទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់លើវិស័យ ដូចជា ទំនាក់ទំនងជាយុទ្ធសាស្ត្រ ការផ្លាស់ប្តូរកងទ័ព លំហាត់រួមគ្នា សព្វាវុធបច្ចេកទេស និងការបណ្តុះបណ្តាលកងទ័ពជាដើម។ កិច្ចសហប្រតិបត្តិការយោធាត្រូវបានពង្រឹងឥតឈប់ឈរកាន់តែទូលំទូលាយ កាន់តែស៊ីជម្រៅ និងកាន់តែមានកម្លាំង កម្រិតនៃកិច្ចសហប្រតិបត្តិការកងទ័ពរវាងចិន និងកម្ពុជាស្ថិតនៅជួរមុខក្នុងចំណោមកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរវាងកងទ័ពចិននិងកងទ័ពបរទេស៕