ព័ត៌មានជាតិ

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំមន្រ្តី រក្សាសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែរឹងមាំ

រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ បន្តដឹកនាំប្រតិភូ និងមន្រ្ដីជំនាញចុះពិនិត្យវឌ្ឍនភាពការងារ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសំណង់សិល្បការ្យ នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់អភិវឌ្ឍន៍តំបន់ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បន្ទាប់ពីគម្រោងទាំងពីរនេះ ត្រូវបានអនុវត្ត ក្នុងដំណាក់កាលទី១ ក្នុងឆ្នាំ២០២៣ ។

នារសៀលថ្ងៃដដែល លោករដ្ឋមន្រ្ដីបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ក្រោមបរិយាកាសភាតរភាព និងស្និទ្ធស្នាលបំផុត។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ ដល់មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តចំនួន ៣ចំណុចសំខាន់ៗ ដូចខាងក្រោម:
១. ផ្អែកលើសមិទ្ធផល ដែលមានស្រាប់ក្នុងនីតិកាលកន្លងមក ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចក្នុងការពង្រីកស្នាដៃ និងសមិទ្ធផលថ្មីបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។
២. ត្រូវខិតខំធ្វើជាសេនាធិការដ៏ល្អ ដល់រដ្ឋបាលខេត្ត និងពង្រឹងកិច្ច សហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ ។
៣. រក្សាសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែរឹងមាំ និងស្អិតរមួតថែមទៀត៕

To Top