ប៉ារីស៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ថា រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងកាលពីថ្ងៃអាទិត្យថា អាជ្ញាធរបារាំង នឹងហាមប្រាមលើការស្លៀកពាក់ នៅក្នុសាលាដោយប្រើឈុត ឥស្លាម ហៅថា abaya ដែលពាក់ដោយស្ត្រីមូស្លីម មួយចំនួន ដោយបានអះអាងថា សម្លៀកបំពាក់នេះបានរំលោភ លើច្បាប់សាសនាដ៏តឹងរឹង របស់ប្រទេសបារាំង ក្នុងវិស័យអប់រំ ។
លោក Gabriel Attal រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រាប់ដល់ ទូរទស្សន៍ TF1 ថា “វានឹងមិនអាចពាក់សម្លៀកបំពាក់ ឥស្លាមនៅក្នុងសាលាបានទៀតទេ” ដោយបានថ្លែងថា គាត់នឹងផ្តល់នូវ “ច្បាប់ដ៏ជាក់លាក់សម្រាប់នៅថ្នាក់ជាតិ” ដល់នាយកសាលាមុនការ ត្រលប់ទៅថ្នាក់រៀន ទូទាំងប្រទេសចាប់ពីថ្ងៃទី៤ ខែកញ្ញា ។
គួរបញ្ជាក់ថា សម្រាប់ចំណាត់ការនេះកើតឡើងបន្ទាប់ពីមានការជជែកវែកញែកគ្នាជាច្រើនខែជុំវិញការស្លៀកពាក់សម្លៀកបំពាក់ឥស្លាមនៅក្នុងសាលាបារាំង ជាកន្លែងដែលស្ត្រីត្រូវបានហាមប្រាមជាយូរមកហើយពីការពាក់កន្សែងគ្របលើក្បាលរបស់ឥស្លាម ។
ក្រុមប្រកាន់ស្តាំ និងស្តាំនិយម បានជំរុញឱ្យមានការហាមប្រាម ដែលក្រុមប្រកាន់ឆ្វេង បានប្រកែកថា នឹងរំលោភសិទ្ធិសេរីភាពពលរដ្ឋ ។
មានសេចក្តីរាយការណ៍មកថា សម្លៀកបំពាក់ខាងលើនេះ ត្រូវបានពាក់កាន់តែខ្លាំងឡើងៗនៅក្នុងសាលារៀន និងមានភាពតានតឹងនៅក្នុង សាលារៀនជុំវិញបញ្ហារវាងគ្រូ និងឪពុកម្តាយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា