ភ្នំពេញ៖ ក្រុមប្រជាពលរដ្ឋរស់នៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានរអ៊ូរទាំ និងសម្ដែងការព្រួយបារម្ភចំពោះបញ្ហាសុខាភាព ដែលបណ្ដាលមកពីការសាយភាយក្លិនមិនល្អ ចេញពីរោងចក្របារីមួយកន្លែង ដែលគ្មានផ្លាកយីហោច្បាស់លាស់ ។
តំណាងពលរដ្ឋប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា បញ្ហានេះកើតឡើងជាច្រើនឆ្នាំហើយប៉ុន្តែគ្មានការអើពើពីអាជ្ញាធរពាក់ព័ន្ធឡើយ។ លោកថា «រហូតមកដល់ពេលនេះ រយៈពេល៥ទៅ៦ឆ្នាំហើយ ដែលប្រជាជនរស់នៅ ក្នុងការស៊ូទ្រាំ នឹងក្លិន ដែលបានសាយភាយចេញពីរោងចក្របារី មួយកន្លែង ដែលគ្មានផ្លាកយីហោច្បាស់លាស់ មួយនេះ»។
ប្រភពដដែលបានបន្ថែមថា ជុំវិញករណីនេះ ប្រជាពលរដ្ឋក៏ធ្លាប់បានធ្វើការរាយការណ៍ ជូនចៅសង្កាត់សិត្បូ រួចហើយដែរ តែហាក់គ្មានការអើពើ និងចាត់វិធានការណាមួយ ទាល់តែសោះ៕
សំឡេងពលរដ្ឋ ប្រជាពលរដ្ឋរស់នៅភូមិព្រែកតាព្រីង