ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត៖ ប្រទេសយើងតូច ប៉ុន្តែយើងមានបេះដូងធំ ធ្វើការដោយយកចិត្តទុកដាក់

ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ថ្លែងនៅក្នុងពិធីបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយគូសបញ្ជាក់សារជាថ្មី ប្រទេសកម្ពុជាតូច ប៉ុន្តែកម្ពុជាមានបេះដូងធំ ធ្វើការដោយយកចិត្តទុកដាក់។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា “ប្រទេសយើងតូចប៉ុន្តែយើងមានបេះដូងធំ ធ្វើការដោយយកចិត្តទុកដាក់ ។ នេះគឺជាការសំរេចចិត្ត របស់សម្ដេចតេជោ ហ៊ុន សែន ដោយឈរលើគោលការណ៍មនុស្សធម៌ និងគុណធម៌ ចំពោះមនុស្សជាតិ គ្រប់ជាតិសាសន៍ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដែលកំពុងតែជួបបញ្ហា នៅលើមហាសមុទ្រ”។
លោក ម៉ាណែត បន្តថា “ចូលយើងសាកគិតមើលបន្តិចមើល! តើគួរឲ្យអាណោចអាធ័មប៉ុណ្ណានៅពេល ដែលមនុស្សនៅលើនាវា នៅលើមហាសមុទ្រ កំពុងតែជួបបញ្ហា ហើយត្រូវបានប្រទេស មួយចំនួនគេរើសអើងមិនជួយ និងមិនអនុញ្ញាត ឲ្យនាវានេះចូលចត? តើជីវិតរបស់មនុស្សនៅលើនាវាទៅជាយ៉ាងណា? នេះគឺជាការសំរេចចិត្ត ប្រកបដោយការទទួលខុស ត្រូវរបស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ប្រកបដោយទឹកចិត្តមនុស្សធម៌ និងគោលការណ៍គោរពសិទ្ធិមនុស្ស ដែលផ្ទុយពីមនុស្សមួយចំនួន មានភាពខ្លាចជ្រុល ដែលនាំឱ្យមានការរើសអើង និងបាត់ម្ចាស់ការ ចំពោះការជួយសង្គ្រោះជីវិតមនុស្ស”។

លោក ហ៊ុន ម៉ាណែត បានបន្តថា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) គឺជាយន្តការប្រមូលធាតុផ្សំចំពោះអ្នកដែលមានទឹកចិត្ត មកពីប្រភពផ្សេងគ្នាដើម្បីធ្វើឲ្យTYDA មានលទ្ធភាពជួយយកចិត្តទុកដាក់លើសុខមាលភាព ប្រជាពលរដ្ឋ ព្រមទាំងផ្ដល់ក្តីសង្ឃឹម ស្នាមញញឹមដល់ប្រជាពលរដ្ឋគ្រប់រូបភាព នៅតាមគោលដៅ តាមរយៈការចុះព្យាបាល ពួកគាត់ដោយឥតគិតថៃ្ល។

មិនតែប៉ុណ្ណោះ លោក ក៏សូមថ្លែង អរគុណ ចំពោះការចូលរួម និងការជឿ ទុកចិត្តលើសមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជន សម្ដេចតេជោ(TYDA) និងបានធ្វើសកម្មភាពមនុស្សធម៌ ដោយបេះដូង និងវិជ្ជាជីវៈ ដើម្បីជួយដល់ប្រជាពលរដ្ឋ ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីជួយប្រជាពលរដ្ឋប្រកបដោយនិរន្តរភាព។ នេះគឺជាមោទនភាព និងក្តីសង្ឃឹមរបស់សមាគមTYDA ។

លោក ក៏បានលើក ទឹកចិត្តឱ្យក្រុមការងារ បន្តសកម្មភាពមនុស្សធម៌នេះ ប្រកបដោយបេះដូង ទឹកចិត្ត និងវិជ្ជាជីវៈ ជាបន្តទៀតដើម្បីជួយប្រជាពរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

To Top