ស្ដុកហូម ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Gunnar Stommer បានឲ្យដឹងថា វិធានការសន្តិសុខ នៅក្នុងប្រទេសស៊ុយអែត នឹងមិនត្រូវបានបន្ធូរបន្ថយ ក្នុងពេលអនាគតដ៏ខ្លីខាងមុខនោះទេ ក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីកម្រិតនៃការគំរាមកំហែង ភេរវកម្មរបស់ប្រទេសនេះត្រូវបានលើកឡើង ពីការកើនឡើងទៅកម្រិតខ្ពស់បំផុតមួយ ។
លោក Strommer បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ការវាយតម្លៃជារួម គឺថាកម្រិតនៃការគំរាមកំហែង គឺដូចគ្នាទៅនឹងកាលពី ២សប្តាហ៍មុន ហើយថាយើងនឹងរស់ នៅជាមួយស្ថានភាពនេះ សម្រាប់អនាគតដ៏ខ្លីខាងមុខបន្ដទៀត” ។
កម្រិតនៃការគំរាមកំហែងភេរវករត្រូវបានលើកឡើងបន្ទាប់ពីមានបាតុកម្មជាសាធារណៈជាបន្តបន្ទាប់នៅក្នុងប្រទេសស៊ុយអែត ដែលច្បាប់ចម្លងនៃគម្ពីគូរ៉ា ត្រូវបានដុតបំផ្លាញ បង្កឱ្យមានកំហឹង និងការតវ៉ានៅក្នុងប្រទេសម៉ូស្លីម។
លោក Fredrik Hallstrom ប្រធានផ្នែកប្រឆាំងភេរវកម្ម នៅសេវាសន្តិសុខស៊ុយអែត បានឲ្យដឹងនៅក្នុងសន្និសីទកាសែតថា “អង្គការភេរវករបានជំរុញ ឱ្យអ្នកដើរតាមរបស់ពួកគេធ្វើសកម្មភាព “ប្រឆាំងនឹងប្រទេសស៊ុយអែត បុគ្គលស៊ុយអែត ឬផលប្រយោជន៍ស៊ុយអែត នៅបរទេស” ។
លោកបានលើកឡើងថា សេវាសន្តិសុខជាតិ និងប៉ូលីស បាននិងកំពុងសហការគ្នា យ៉ាងជិតស្និទ្ធ ដើម្បីបញ្ចៀសការគំរាមកំហែង ដែលត្រូវបានជួយ ដោយការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពស៊ើបការណ៍តាមអ៊ីនធឺណិត របស់អាជ្ញាធរអនុវត្តច្បាប់៕
ប្រែសម្រួល ឈូក បូរ៉ា