ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតសព្វាវុធយក្ស BAE Systems របស់អង់គ្លេស នឹងចាប់ផ្តើមផលិត នៅក្នុងប្រទេសអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផលិតសព្វាវុធយក្ស BAE Systems របស់ចក្រភពអង់គ្លេស មានបំណង “ធ្វើមូលដ្ឋានីយកម្មក្នុងប្រទេសអ៊ុយក្រែន” ក្នុងការផលិតយន្តហោះចម្បាំងអង់គ្លេស L119 និង កាំភ្លើងបាញ់គ្រាប់បែក M777 របស់សហរដ្ឋអាមេរិក ក៏ដូចជារថយន្តប្រយុទ្ធថ្មើរជើង CV90 របស់ស៊ុយអែត ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Zelensky បានសរសេរនៅលើបណ្តាញ Telegram របស់លោកបន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានក្រុមហ៊ុនគឺលោក Charles Woodburnថា ក៏មានគម្រោង “បើកការិយាល័យរបស់ BAE Systems នៅក្នុងប្រទេសអ៊ុយក្រែន”ផងដែរ ។

យោងតាមលោក Zelensky សហគ្រាសបានចាប់ផ្តើមធ្វើការនៅអ៊ុយក្រែនរួចហើយ។

លោក Zelensky បានសរសេរថា “ខ្ញុំបានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុនគឺលោក Charles Woodburn ។ វាមានផលិតភាពខ្លាំងណាស់៖ ការិយាល័យរបស់ក្រុមហ៊ុននៅអ៊ុយក្រែន ការធ្វើមូលដ្ឋានីយកម្ម នៃផលិតកម្មនៅអ៊ុយក្រែន” ដោយបន្ថែមថា ទីក្រុងគៀវ “កោតសរសើរយ៉ាងខ្លាំងនៅពេលដែលក្រុមហ៊ុនឯកជន បើកការិយាល័យរបស់ពួកគេនៅក្នុងប្រទេសរបស់យើងនៅពេលនេះ” ។

ប្រទេសអ៊ុយក្រែន និងក្រុមហ៊ុនផលិតសព្វាវុធរបស់ចក្រភពអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការធ្វើមូលដ្ឋានីយកម្មការផលិតអាវុធរបស់ក្រុមហ៊ុន BAE Systems ។ បើតាមសេវាកម្មសារព័ត៌មានរបស់ Zelensky បានឱ្យដឹងថា នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនអង់គ្លេសនឹងផលិត ជួសជុល និងផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់កាំភ្លើងធុនស្រាល L119 ថ្មី៕ ប្រែសម្រួលៈ ណៃ តុលា

To Top