បរទេស ៖ ប្រធានាធិបតីនៃប្រទេសរុស្សីលោក Vladimir Putin នឹងបើកកិច្ចពិភាក្សាជាមួយនឹងសមភាគីលោក Recep Tayyip Erdogan នៅក្នុងទីក្រុង Sochiនាថ្ងៃទី៤ ខែកញ្ញាខាងមុខនេះ។
អ្នកនាំពាក្យ របស់វិមានក្រមឡាំង លោក Dmitry Peskov បានប្រកាស កាលពីថ្ងៃសុក្រទៀតថា ទោះបីជាយ៉ាងណាក្តីបញ្ជី នៃប្រធានបទ ដែលនឹងលើក យកមកពីភាក្សាគឺ មិនទាន់អាចបញ្ជាក់បាននៅឡើយ ប៉ុន្តែរបៀបវារៈសំខាន់ៗ ដែលនឹងត្រូវរួមបញ្ចូលនោះនឹង មានទាំងបញ្ហាទំនាក់ទំនងទ្វេភាគី បញ្ហាជម្លោះនៅអ៊ុយក្រែននិងក៏ដូចជាកិច្ចព្រមព្រៀង ធញ្ញជាតិនៅច្រកសមុទ្រខ្មៅផង។
ការិយាល័យប្រធានាធិបតីរបស់លោក Erdogan ក៏បានប្រកាសអះអាងអំពីផែនការដំណើរទស្សនកិច្ចរបស់មេដឹកនាំតួគីរូបនេះផងដែរនៅក្នុងទីក្រុង Sochi ប៉ុន្តែបញ្ជាក់ថាមិនទាន់ បានកំណត់ថ្ងៃខែច្បាស់លាស់ ដោយនឹងត្រូវរងចាំការសម្រេចចិត្ត ចុងក្រោយរបស់លោកប្រធានាធិបតី ដោយផ្ទាល់ជាមុនសិន។
ក្នុងពេលដែលគេគ្រប់គ្នា មើលឃើញថារដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងអង់ការ៉ា នៅតែបន្តមានទំនាក់ទំនង យ៉ាងជិតស្និទ្ធនោះ ប៉ុន្តែជំនួបគ្នាដោយផ្ទាល់ រវាងមេដឹកនាំ ទាំងពីរនេះក្នុងខែកញ្ញា អាចក្លាយជាជំនួប ដោយផ្ទាល់លើកទី២ប៉ុណ្ណោះ ចាប់តាំងតែពីចុងក្រោយ កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០២២ នៅក្នុងទីក្រុង Astana ប្រទេសកាហ្សាស្ថាន ដែលគ្រានោះពួកគេពិភាក្សា គ្នាអំពីកិច្ចព្រមព្រៀងសាងសង់ ហេរដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ហ្គាស នៅក្នុងប្រទេសតួគី៕
ប្រែសម្រួល៖ស៊ុនលី
ប្រភព៖ AFP