បរទេស៖ លោក Yury Borisov ប្រធានទីភ្នាក់ងារអវកាស Roscosmos បានប្រកាសថា មីស៊ីលបាលីស្ទិកអន្តរទ្វីប Sarmat ដែលជាអាវុធនុយក្លេអ៊ែរដែលមាន សមត្ថភាពបំផុតរបស់រុស្ស៊ី ត្រូវបានអនុម័តដើម្បី ដាក់ឱ្យប្រើប្រាស់ហើយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការអភិវឌ្ឍន៍ត្រូវបានបង្ហាញ កាលពីថ្ងៃសុក្រក្នុងអំឡុងពេលព្រឹត្តិការណ៍ Roscosmos ។ អាវុធនេះត្រូវបានគេជឿថា ជាមីស៊ីលរយៈចម្ងាយឆ្ងាយ និងធ្ងន់បំផុតក្នុងឃ្លាំងអាវុធនុយក្លេអ៊ែររុស្ស៊ី។
យានដឹកជញ្ជូនដែលមាន មូលដ្ឋាននៅក្រោមដី ដែលជាការសាកល្បង ដំណាក់កាលចុងក្រោយ ដែលបានបញ្ចប់កាលពីឆ្នាំមុន គឺជាការជំនួសសម្រាប់មីស៊ីល R-36M2 Voevoda។ ចម្ងាយរបស់មីស៊ីលត្រូវបានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ ១១.០០០ ម៉ាយ (ប្រហែល ១៨.០០០ គីឡូម៉ែត្រ) ជាមួយនឹងបន្ទុកទម្ងន់ប្រហែល១០តោន។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសរសើរមីស៊ីល Sarmat ថា ផ្តល់ឱកាសថ្មីសម្រាប់ការកម្ចាត់ ប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីល។ ជាឧទាហរណ៍ មីស៊ីល ICBMs រយៈចម្ងាយខ្លីជាងនេះ អាចទៅដល់សហរដ្ឋអាមេរិកពីរុស្ស៊ីតែប៉ុណ្ណោះ ដោយហោះពីលើតំបន់អាក់ទិក ហើយសហរដ្ឋអាមេរិកមានឧបករណ៍ស្ទាក់ចាប់ តាមមូលដ្ឋានសម្រាប់ផ្លូវហោះហើរបែបនេះ។
លោក ពូទីន បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា រុស្ស៊ីត្រូវបានបង្ខំឱ្យអភិវឌ្ឍអាវុធថ្មីនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានក្បត់សន្យា ដោយបដិសេធចំពោះការប្តេជ្ញាចិត្ត របស់ខ្លួនមិនបង្កើតប្រព័ន្ធ ABM ៕
ប្រែសម្រួលៈ ណៃ តុលា