ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ពិភាក្សាពីការពង្រឹងទំនាក់ទំនងទ្វេភាគី

ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតំលៃខ្ពស់ប្រកបដោយក្តី ពេញចិត្តជ្រាលជ្រៅ ចំពោះការផ្លាស់ប្តូរទស្សនៈ និងកិច្ចពិភាក្សា “ប្រកបដោយផ្លែផ្កា” រយៈពេលពីរ ម៉ោង នៅក្នុងជំនួប កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ រវាង សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូមន្ត្រីសភាសហរដ្ឋអាមេរិក ដឹកនាំដោយ លោក Alex Carnes ក្រឡាបញ្ជីនៃក្រុមភាគច្រើន របស់អនុគណៈកម្មាធិការស្តីពី ប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានារបស់គណៈកម្មាធិការគ្រប់គ្រង និងបែងចែកថវិការជាតិ របស់ ព្រឹទ្ធសភាអាមេរិក ដោយបានគូសបញ្ជាក់ថា ជំនួបនេះ នឹងនាំទៅដល់ការបង្កើនការយល់ដឹងរវាង ប្រទេសទាំងពីរ។

លោក សុខ ចិន្តាសោភា និងលោកឯកអគ្គរដ្ឋទូត បានអះអាងសាជាថ្មី នៅក្នុងជំនួបសម្តែង ការគួរសមនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានពិភាក្សាលើទិដ្ឋភាពមួយចំនួននៃការ លើកកម្ពស់ទំនាក់ទំនងទ្វេភាគី។

លោក សុខ ចិន្តាសោភា បានថ្លែងអំណរ គុណយ៉ាងស្មោះស្ម័គ្រ ចំពោះជំនួយរបស់រ ដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានគាំទ្រដល់ការអភិវឌ្ឍ សង្គមនិងសេដ្ឋកិច្ចនៅកម្ពុជា។

លោក Murphy បានថ្លែងរំលឹកដោយការកោតសរសើរ ចំពោះការរួមចំណែកយ៉ាងសកម្មរបស់កម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ាន ក្នុងការលើក កម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។

លោក សុខ ចិន្តាសោភា បានជម្រាបលោក Murphy អំពី គម្រោងកាលវិភាគ របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមក្នុងជំនួបធុរកិច្ច ជាមួយក្រុមហ៊ុនអាមេរិកមួយចំនួន ដែលនឹងរៀបចំឡើង ដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដើម្បីពិភាក្សាពីឱកាសធុរកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្ដេច អញ្ជើញចូលរួមកិច្ចប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នាពេលខាងមុខ។

ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ អំពីការរៀបចំ ជំនួបរវាងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រី Victoria Nuland អនុរដ្ឋមន្ត្រីការបរទេសស្ដីទីរបស់សហរដ្ឋអាមេរិក នៅអំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ ក្នុងវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ព្រមទាំងបានផ្លាស់ ប្តូរយោបល់លើបញ្ហាតំបន់និងអន្តរជាតិមួយចំនួនដែលមានផលប្រយោជន៍រួម។ លោកទាំងពីររូប បានសម្តែងក្តីសោមនស្សរួមគា្នចំពោះដំណើរការយ៉ាងរលូន និងកិច្ចសហការដ៏ល្អរវាងប្រទេសទាំង ពីរ ក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អាមេរិក។

នៅក្នុងជំនួបនោះដែរ សុខ ចិន្តាសោភា ក៏បានសម្តែងនូវអំណរគុណ ចំពោះការជូនពរ និងការអបអរសាទរដ៏កក់ក្ដៅ របស់លោក Murphy ជូនលោក ចំពោះការតែងតាំងនូវតួនាទីថ្មី និងបានធានាចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតនូវ ការបន្តទំនាក់ទំនងការងារដ៏ល្អ នាបច្ចុប្បន្នរវាងក្រសួងនិងស្ថានទូត។

លោកទាំងពីរបានបង្ហាញ ពីសុទិដ្ឋិនិយមចំពោះអនាគត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

To Top