ភ្នំពេញ៖ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវបង្កើតឱ្យមាន អ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន និងសម្របសម្រួលជាមួយអ្នកនាំពាក្យរបស់សាលាខេត្ត និងអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅចូលរួមផ្សព្វផ្សាយ សមិទ្ធផល របស់រាជរដ្ឋាភិបាល ឱ្យបានទូលំទូលាយ។
ការជំរុញនេះធ្វើឡើង ក្នុងឱកាសលោករដ្ឋមន្រ្តី ចុះជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ។
ក្នុងជំនួបនេះលោករដ្ឋមន្រ្ដី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ និងផ្ដល់នូវការណែនាំ និងអនុសាសន៍ដូចខាងក្រោមនេះ៖
១. បន្តខិតខំ ចូលរួមអនុវត្តការងារអភិឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់គុណតម្លៃ ជីវិតប្រជាជន ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។
២. សហការជាមួយបណ្តាមន្ទីរ, ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយបំពេញតួនាទី ជាសេនាធិការបច្ចេកទេស ដល់អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត លើវិស័យអភិវឌ្ឍន៍ជនបទ ។
៣. គោរពវិ័ន័យ របៀបរបបធ្វើការ របបប្រជុំតាមដាន និង ត្រួតពិនិត្យប្រជុំខែ ត្រីមាស ឆមាស ឱ្យបានទៀងទាត់ ដើម្បីរួមគ្នាដោះស្រាយ សំណូមពររបស់ប្រជាពលរដ្ឋ ។
៤. ត្រៀមរបាយការណ៍ បូកសរុបប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំបន្ត ដែលក្រសួងអភិវឌ្ឍន៍ជនបទ នឹងគ្រោងរៀបចំនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣។
៥. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អបន្ថែមទៀត ក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាល និងដើម្បីចូលរួមចំណែក ជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់ ។
៦. ត្រូវបង្កើតឱ្យមាន អ្នកនាំពាក្យ របស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន និងសម្របសម្រួលជាមួយអ្នកនាំពាក្យ របស់សាលាខេត្ត និងអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅចូលរួមផ្សព្វផ្សាយ សមិទ្ធផល របស់រាជរដ្ឋាភិបាល ឱ្យបានទូលំទូលាយ៕