ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបទ្វេភាគី ជាមួយលោកចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានឯកភាពគ្នា បន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួត។
ជំនួបទ្វេភាគី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីឥណ្ឌូនេស៊ី ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ធ្វើឡើងបន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ចើញដល់ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ។
នៅក្នុងជំនួបនោះ បន្ទាប់ពីការអបអរសាទរ និងកិច្ចស្វាគមន៍ទៅវិញទៅមក ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាបន្ថែមអំពីកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធកន្លងមក រវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស ក្នុងទិដ្ឋភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការបណ្តុះបណ្តាលធនធានមនុស្ស និងការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ។
ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា ក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ឥណ្ឌូនេស៊ី ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ៕