នយោបាយ

លោកបណ្ឌិត សាយ បូរី ស្នើសុំចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិត សាយ បូរី ដែលមានដើមកំណើតនយោបាយ មកពីគណបក្សលោកតាសឺន សាន និងធ្លាប់ជាទីប្រឹក្សា​ច្បាប់​របស់លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចូលជាសមាជិកនៃគណបក្សប្រជាជនកម្ពុជា ដើម្បីរួមដំណើរ កសាងប្រទេសជាតិ ពីក្រោយអ្នកបន្តវេន ឆ្ពោះទៅរកការរីកចម្រើន របស់សង្គមឲ្យកាន់តែបានឆាប់រហ័ស។

តាមរយៈសំណេរនៅលើគណនីហ្វេសប៊ុក នៅយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក បណ្ឌិត សាយ បូរី បានសរសេរយ៉ាងដូច្នេះថា៖

«ជូនជនរួមជាតិជាទីស្នេហា ! ខ្ញុំ សាយ បូរី បានលាលែងចេញពីគណបក្សលោកតាសឺន សាន តាំងពីឆ្នាំ ១៩៩៥ មុននឹងមកបង្កើតគណ:មេធាវី ហើយក៏នៅបន្តឯករាជរហូត ដើម្បីបំរើជាតិខ្មែរ។ ខ្ញុំយល់ច្បាស់អំពីមនោគមវិជ្ជា ដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលក្នុងខ្លឹមសារស៊ីជម្រៅ ត្រូវនឹងឧត្តមគតិរបស់ខ្ញុំទាំងស្រុង ជាពិសេស បានឃើញច្បាស់អំពីការឈានឡើង ជាបន្តបន្ទាប់នៃការអភិវឌ្ឍប្រទេសជាតិ, កិត្យានុភាពជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។ មួយជីវិតខ្ញុំជាអ្នកសិក្សាស្រាវជ្រាវ, ជាអ្នកបណ្តុះបណ្តាលបញ្ញវន្តនានា ជាច្រើននាក់ និងជាអ្នកនយោបាយមួយរូប, ខ្ញុំមើលឃើញច្បាស់ថា ស្ថានភាពស្រុកទេសយើង មានលក្ខណៈល្អប្រសើរស្ទើគ្រប់វិស័យ ហើយគ្រឹះនៃសុខសន្តិភាព ព្រមទាំងការរៀបចំការបន្តវេនដឹកនាំប្រទេស ដោយអ្នកជំនាន់ក្រោយ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាបញ្ញវន្តពោពេញ ទៅដោយសមត្ថភាព នឹងបន្តធ្វើឱ្យប្រទេសជាតិយើង កាន់តែមានការរីកចំរើន និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ហើយប្រជាជននឹងបន្តរស់នៅ ក្នុងភាពសុខសាន្តក្រោមដំបូល នៃសុខសន្តិភាព។ ខ្ញុំបានសម្រេចចិត្តដើរតាមមាគ៌ា នៃគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំគណបក្សដ៏ឆ្នើម និងជាមហាអគ្គមគ្គុទេសរបស់ជាតិ។ នៅព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ ខ្ញុំបានផ្ញើសារគោរពស្នើ សុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបង្ហាញទឹកចិត្តរបស់ខ្ញុំ ចង់សុំចូលជាសមាជិកនៃគណបក្សប្រជាជនកម្ពុជា រួមគ្នាបន្តដំណើរកសាងប្រទេសជាតិ ពីក្រោយអ្នកបន្តវេនទៅមុខ ឆ្ពោះទៅរកការរីកចម្រើន របស់សង្គមឲ្យកាន់តែបានឆាប់រហ័ស។ ខ្ញុំសូមគោរពអរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចទទួលខ្ញុំភ្លាម ឲ្យចូលជាសមាជិក របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ។ ខ្មែររួមគ្នាជាធ្លុងមួយ ខ្មែរខ្លាំង និងបានសុខក្សេមក្សាន្តយូរអង្វែង ហើយស្រុកទេសនឹងរីកចម្រើនឆាប់រហ័ស»។

To Top