ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រេចពន្យារយៈពេល ចូលទស្សនាតំបន់អង្គរ សម្រាប់ភ្ញៀវទេសចរ បរទេស ដើម្បីទប់ស្កាត់ផលប៉ះពាល់ ផ្នែកវិស័យទេសចរណ៍

ភ្នំពេញ ៖ ដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវបរទេស ឲ្យបន្តស្នាក់នៅកម្ពុជា កាន់តែបានច្រើនថ្ងៃ ស្របពេលដែលវិស័យទេសចរណ៍ ក្នុងតំបន់និងក្នុងប្រទេសកម្ពុជា បានទទួលរងផលប៉ះពាល់ ដោយសារការផ្ទុះឡើង នូវមេរោគកូវីដ១៩នោះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានណែនាំឲ្យអគ្គនាយកគ្រឹះស្ថាន អង្គរពន្យារយៈពេលចូលទស្សនា តំបន់អង្គរ សម្រាប់ភ្ញៀវទេសចរបរទេស ទៅតាមប្រភេទសំបុត្រ ។

តាមរយៈលិខិតរបស់ក្រសួង សេដ្ឋកិច្ចផ្ញើជូនអគ្គនាយកគ្រឹះស្ថានអង្គរ នៅថ្ងៃទី២៥ កុម្ភៈបានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចពន្យារយៈពេល ចូលទស្សនាតំបន់អង្គរ សម្រាប់ភ្ញៀវទេសចរបរទេស តាមប្រភេទសំបុត្រ ដូចខាងក្រោម៖

១៖ សំបុត្រសម្រាប់រយៈពេល១ថ្ងៃ អាចចូលទស្សនាបានរយៈពេល២ថ្ងៃ
២៖ សំបុត្រសម្រាប់រយៈពេល៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល៥ថ្ងៃ
៣៖ សំបុត្រសម្រាប់រយៈពេល៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល១០ថ្ងៃ

សូមរំលឹកថា ប័ណ្ណចូលទស្សនាតំបន់អង្គរមាន៣ប្រភេទ ៖ ប័ណ្ណចូលទស្សនា១ថ្ងៃ តម្លៃ៣៧ដុល្លារ, បណ័្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ និងបណ័្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ៧២ដុល្លារ ។

ក្រសួងបញ្ជាក់ថា ការសម្រេចខាងលើមានសុពលភាព មានរយៈពេល៤ ខែចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០តទៅ ៕

To Top