ព័ត៌មានអន្តរជាតិ

នៅក្នុងឆ្នាំ២០២៣នេះ កំណើនសេដ្ឋកិច្ចរបស់បារាំង អាចនឹងកើនឡើងត្រឹមតែ ០,៩ភាគរយ ប៉ុណ្ណោះ

Xinhua

ប៉ារីស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ថា ជាមួយនឹងកំណើនដែលមិនបានរំពឹងទុកគឺ០,៥ភាគរយនៅក្នុងត្រីមាសទី២នៃ២០២៣នេះ អាជ្ញាធរស្ថិតិបារាំង បានកែប្រែការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ខ្លួន ហៅកាត់ថា (GDP) ដល់ទៅ០,៩ភាគរយសម្រាប់ពេញមួយឆ្នាំ គឺនៅក្នុងឆ្នាំ២០២៣នេះ ។


យ៉ាងណាមិញ ការព្យាករណ៍របស់វិទ្យាស្ថានជាតិស្ថិតិ និងការសិក្សាសេដ្ឋកិច្ច ហៅកាត់ (INSEE) នៅតែទាបជាងទិសដៅកំណើនប្រចាំឆ្នាំ១ភាគរយដែលបានប្រកាសកាលពីខែកក្កដា ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសបារាំង Bruno Le Maire ដដែល ។

បើយោងតាមវិទ្យាស្ថាន INSEE បានឲ្យដឹងថា ទិន្នន័យស្ទង់មតិបង្ហាញឲ្យឃើញថា “កំណើនវិជ្ជមាន” សម្រាប់ឆមាសទី២នៃឆ្នាំ២០២៣នៅប្រទេសបារាំង ប៉ុន្តែ “មិនមានសន្ទុះកើនឡើងច្រើនឡើយ” ។

វិទ្យាស្ថាន INSEE បានឲ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា “ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសបារាំង នឹងកើនឡើង០,១ភាគរយនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ បន្ទាប់មកកើន០,២ភាគរយនៅក្នុងត្រីមាសទី៤ ដោយគិតជាមធ្យមប្រចាំឆ្នាំ កំណើននឹងមានចំនួន០,៩ភាគរយនៅក្នុងឆ្នាំ២០២៣” ។

វិទ្យាស្ថានខាងលើនេះបានពន្យល់ថា ការកែប្រែពីការកើនឡើងនៃការព្យាករណ៍កំណើនប្រចាំឆ្នាំ គឺដោយសារតែថាមវន្តនៃកំណើនមានភាពល្អប្រសើរជាងការរំពឹងទុកនៅក្នុងត្រីមាសទី២ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top