ភ្នំពេញ ៖ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យនាំមន្ដ្រីនគរបាលចរាចរណ៍ម្នាក់ យកមកអប់រំ នឹងធ្វើការព្រមានលើកទី១ ដើម្បីឱ្យកែប្រែឥរិយាបថ ក្រោយលួចពួនស្ទាក់ចាប់ ប្រជាពលរដ្ឋនៅពេលខុសច្បាប់ចរាចរណ៍។
តាមយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រោយទទួលបាន នៃការបង្ហោះព័ត៌មានតាមបណ្តាញព័ត៌មានសង្គមជុំវិញ បញ្ហាមន្រ្តីនគរបាលចរាចរណ៍ម្នាក់ ឈរអនុវត្តច្បាប់ចរាចរណ៍ នៅគោលដៅស្តុបបូកគោ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលធ្វើសកម្មភាពពួនស្ទាក់ចាប់ ប្រជាពលរដ្ឋធ្វើដំណើរនៅលើដងផ្លូវ នៃគោលដៅខាងលើ ដែលអនុវត្តផ្ទុយនឹង បទបញ្ជារបស់ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ភ្លាមៗនោះ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានបញ្ជាទៅលោកនាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ឱ្យនាំមន្រ្តីនគរបាលចរាចរណ៍១នាក់ នោះយកមកអប់រំនឹងធ្វើការព្រមានលើកទី១ ដើម្បីឱ្យកែប្រែឥរិយាបថ។
ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ច្បាស់ថា ជុំវិញបញ្ហាការពួនស្ទាក់របស់មន្រ្តី នគរបាលចរាចរណ៍នេះគឺត្រូវតែលុបបំបាត់។ ប៉ុន្តែការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅតែបន្តអនុវត្តដើម្បីពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍។
លើសពីនេះ ស្នងការនគរបាលរាជធានីភ្នំពេញ សំណូមពរដល់ប្រជាពលរដ្ឋ ធ្វើដំណើរលើដងផ្លូវនានា ក្នុងរាជធានីភ្នំពេញមេត្តា ចូលរួមគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នាដើម្បីសុខសុវត្ថិភាពខ្លួនឯង និងអ្នកទៃ ៕