ព័ត៌មានជាតិ

ក្រុមហ៊ុនមួយបោះទុនជាង ៩០លានដុល្លារ អភិវឌ្ឍន៍ អនុស្ថានីយ និងខ្សែបញ្ជូនថាមពលអគ្គិសនី ពីកំពង់ចាម ទៅក្រចេះ

ភ្នំពេញ ៖ ក្រុមហ៊ុនមួយ បានបោះទុនវិនិយោគជាង ៩០លានដុល្លារ ដើម្បីអភិវឌ្ឍន៍អនុស្ថានីយនិងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ខណៈក្រុមហ៊ុនចំនួន ៩ផ្សេងទៀត បោះទុនជាង ៥៤លានដុល្លារ បង្កើតរោង ។

យោងតាមហ្វេសប៊ុក របស់ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“CAMBODIAN TRANSMISSION II CO., LTD” គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង។

២-“HANTANG YIPIN LEISURE PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងសម្ភារៈប្រើប្រាស់ (កៅអីផ្អែក កៅអីអង្គុយ តុ…) និងសម្ភារៈបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភ័ត្ត ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៨,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៦១៨កន្លែង។

៣-“APOLLO PET PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រ ផលិតចំណី និងសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១២៦កន្លែង។

៤-“PRIME STORAGE SOLUTION (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីលោហៈធាតុកែច្នៃ (ធ្នើរ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥០កន្លែង។

៥-“INTEGRITY UNION PACKAGING MATERIAL CO., LTD” គម្រោងបង្កើតរោងចក្រ ផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣៧កន្លែង ។

៦-“NEOCAMBO TEXTILE CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ និងផលិតមួកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិត្រពាំង អង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ២.៧៥៩កន្លែង ។

៧-“FONTERNIG GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៨៦កន្លែង។

៨-“XIANGRUIFENG PACKAGING TECHNOLOGY CO., LTD” គម្រោងវិនិយោគកម្មន្តសាលសម្ភារៈធ្វើពីក្រដាស (ទ្រនាប់ពុម្ពសម្លៀកបំពាក់ ស្បែកជើង កាបូប ម៉ាកឃឺ និងវេចខ្ចប់) ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩១កន្លែង។

៩-“INSPIROR BAG (CAMBODIA) MANUFACTURING CO., LTD” គម្រោងបង្កើតរោងចក្រផលិត កាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,០៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៨១កន្លែង។

១០-“HONGRUI BAG (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប តុក្កតា និងសម្លៀកបំពាក់សត្វចិញ្ចឹម (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,០២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៥៤០កន្លែង ៕

To Top