បរទេស៖ និយតករអាកាសចរណ៍របស់ប្រទេសអារ៉ាប់រួម បាននិយាយថា អ្នកបើកយន្តហោះម្នាក់បានស្លាប់ នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅឯឆ្នេរសមុទ្រ នៃប្រទេស អារ៉ាប់រួម (UAE) ដោយកត់សម្គាល់ថា ក្រុមជួយសង្គ្រោះកំពុងស្ថិតនៅក្នុងតំបន់ដើម្បីស្វែងរក ប្រតិបត្តិករទីពីរបន្ទាប់ពីបានរកឃើញកំទេចកំទីពីយន្តហោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការធ្លាក់នេះបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ នៅក្នុងដែនទឹកក្បែរទីក្រុងឆ្នេរសមុទ្រ Umm Al Quwain ភាគខាងជើងនៃទីក្រុងឌូបៃ មិនយូរប៉ុន្មានបន្ទាប់ពីឧទ្ធម្ភាគចក្រ Bell 212 បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Al Maktoum របស់ទីក្រុង, នេះបើយោងតាមអាជ្ញាធរអាកាសចរណ៍ទូទៅ។
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រថា “ក្រុមស្វែងរក និងជួយសង្គ្រោះបានរកឃើញបំណែករបស់ឧទ្ធម្ភាគចក្រ ដោយបន្ថែមថា ក្រុមអ្នកជួយសង្គ្រោះកំពុងរុករកកន្លែងធ្លាក់ ហើយថា “ការស្វែងរកកំពុងដំណើរការ រកអ្នកបើកបរដែលបាត់ខ្លួនម្នាក់ទៀត”៕ ប្រែសម្រួលៈ ណៃ តុលា