ប៊ែកឡាំង ៖ វិទ្យាស្ថានអាល្លឺម៉ង់ សម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច (DIW Berlin) បានបន្ទាបការព្យាករណ៍ របស់ខ្លួន សម្រាប់ប្រទេសសេដ្ឋកិច្ចធំបំផុត របស់អឺរ៉ុប ដោយព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់អាល្លឺម៉ង់ នឹងធ្លាក់ចុះ ០,៤ ភាគរយនៅឆ្នាំ២០២៣ ជំនួសឱ្យការសន្មត់ពីមុន ០,២ភាគរយ ។
DIW បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ត្រីមាសទីពីរ “ខ្សោយគួរឱ្យភ្ញាក់ផ្អើល បានធ្វើឱ្យមានការកែតម្រូវចាំបាច់ ។ លើសពីនេះទៅទៀត ការប្រើប្រាស់យឺតដោយគ្រួសារឯកជន ក្នុងប្រទេសអាល្លឺម៉ង់ និងការនាំចេញដែលធ្លាក់ចុះ បានធ្វើឱ្យការចាប់ផ្តើមស្ទុះងើបឡើងវិញ ក្នុងប្រទេសនេះក្នុងពេលបច្ចុប្បន្ន” ។
យោងតាមការិយាល័យស្ថិតិសហព័ន្ធ (Destatis) ឱ្យដឹងថា បន្ទាប់ពីការធ្លាក់ចុះក្នុងរដូវរងារយៈពេលខ្លី GDP បាននៅទ្រឹងក្នុងត្រីមាសទីពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ហើយនៅដើមឆ្នាំ រដ្ឋាភិបាលរបស់ប្រទេស អាល្លឺម៉ង់ នៅតែរំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសនេះ នឹងជៀសផុតពីការធ្លាក់ចុះ សេដ្ឋកិច្ចក្នុងអត្រាកំណើន 0.2 ភាគរយ ។
ដោយសារតម្លៃទំនិញប្រើប្រាស់ មានសភាពធម្មតាយឺត ជាងកន្លែងផ្សេងទៀតនៅអឺរ៉ុប អាល្លឺម៉ង់ កំពុងស្ថិតក្រោមសម្ពាធជាទីតាំងអាជីវកម្ម។ អតិផរណានៅតែស្ថិតក្នុងកម្រិត ៦,១ភាគរយនៅក្នុងខែសីហា បើធៀបនឹង ៥,៣ភាគរយនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ នេះបើយោងតាមតួលេខផ្លូវការ។
គេហទំព័រ Destatis បានឲ្យដឹងថា អាហារនៅតែជាកត្តាជំរុញអតិផរណា ដ៏សំខាន់នៅក្នុងប្រទេសអាល្លឺម៉ង់ ជាមួយនឹងការកើនឡើង នៅក្នុងក្រុមផលិតផលជាច្រើន “ខ្ពស់ជាងអតិផរណាសរុប” ។ តម្លៃផលិតផលថាមពលក៏បានកើនឡើងផងដែរ ក្នុងអត្រាខាងលើមធ្យម ដោយកើនឡើងម្តងទៀតដល់ ៨,៣ភាគរយ ។
DIW រំពឹងថា សម្រាប់ពេញមួយឆ្នាំនៃឆ្នាំ២០២៣ អតិផរណានឹងបន្តស្ថិត ក្នុងកម្រិតស្រដៀងនឹងអត្រាបច្ចុប្បន្ន ដែលហក់ឡើងជុំវិញ ៦,១ភាគរយ ដោយមិនជិតដល់គោលដៅ ២ ភាគរយរបស់ធនាគារកណ្តាល អឺរ៉ុបរហូតដល់ចុងឆ្នាំក្រោយ៕
ប្រែសម្រួល ឈូក បូរ៉ា