បរទេស៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Olga Stefanishina បានថ្លែងប្រាប់ក្រុមអ្នកកាសែតនិងត្រូវបានយកមកចេញផ្សាយដោយ RT កាលពីថ្ងៃម្សិលមិញនេះថា អ៊ុយក្រែន នឹងអាចត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលរួមជាសមាជិកពេញសិទ្ធរបស់អឺរ៉ុប នៅក្នុងរយៈពេល២ឆ្នាំខាងមុខ។
លោកស្រី Stefanishina បានពោលបែបនេះថា៖ ខ្ញុំជឿថា រយៈពេលពីរឆ្នាំនឹងគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួនពេញលេញ” ។ លោកស្រីក៏បានប្តេជ្ញាថានឹងធ្វើ កិច្ចការងារឲ្យបាន១០ដងច្រើនជាងការងារបច្ចុប្បន្នដើម្បីសម្រេចបាននូវ គោលដៅនៅពេលដែលជម្លោះជាមួយទីក្រុងម៉ូស្គូ បានបញ្ចប់។
យោងតាមការលើកឡើងបន្ថែមដោយលោកស្រី Stefanishina អ៊ុយក្រែន នៅតែជា ប្រជាជាតិដែលបានត្រៀមខ្លួនល្អជាងគេបំផុតសម្រាប់ការចូលជាសមាជិកសហភាពអឺរ៉ុប ដោយ សារតែអ៊ុយក្រែន គឺជាផ្នែកធំមួយ នៃសេដ្ឋកិច្ចអឺរ៉ុប ផងហើយសូម្បីតែនៅក្នុងជម្លោះប្រដាប់អាវុធក៏ដោយ។
លោកស្រីឧបនាយករដ្ឋមន្ត្រីដដែលរូបនេះបានបញ្ជាក់ថា ប្រទេសនេះគឺជាដៃគូនាំចូលកំពូលទាំង ២០ របស់សហភាពអឺរ៉ុប ហើយទីផ្សារក្នុងស្រុកអ៊ុយក្រែន គឺ មានទំហំធំជាងគេបំផុតធៀបទៅនឹងប្រទេសផ្សេងទៀតនៅក្នុងទឹកដីអឺរ៉ុប៕ ប្រែសម្រួល៖ស៊ុនលី