ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិនថ្លែងថា ៖ «ទ្រឹស្តីស្តីពីភាព អន់ថយ នៃសេដ្ឋកិច្ចចិន» ទទួលបរាជ័យម្តង ហើយម្តងទៀត

ទាក់ទងនឹងករណី ដែលប្រទេសប៉ែកខាងលិចមួយចំនួន បានឃោសនានាពេលថ្មីៗ កន្លងទៅនេះថា សេដ្ឋកិច្ចចិនមានភាពអន់ថយ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួង ការបរទេសចិនបានច្រានចោលក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំដែលធ្វើឡើង កាលពីថ្ងៃទី ១២ ខែកញ្ញា ។ លោកស្រីបានថ្លែងថា សេដ្ឋកិច្ចចិននៅតែជាកម្លាំង ជំរុញដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចសកលដដែល ។

លោកស្រី Mao Ning បានលើកឡើងថា តាំងពីចូលឆ្នាំនេះមក ការងើបឡើងវិញ នៃសេដ្ឋកិច្ចសកល មានកម្លាំងទន់ខ្សោយ បរិយាកាសខាងក្រៅ មានភាពកាន់តែតានតឹង និង ស្មុគស្មាញ ។ ប៉ុន្តែសេដ្ឋកិច្ចចិន បាននិងកំពុងស្តារឡើងវិញ ជាបន្តបន្ទាប់ ហើយនិន្នាការងើបឡើងវិញ ជាទូទៅមានភាពល្អប្រសើរ ។ នៅក្នុងឆមាសទីមួយ នៃឆ្នាំនេះ GDP របស់ប្រទេសចិនបានកើនឡើង ៥,៥ ភាគរយបើប្រៀបធៀប នឹងរយៈពេល ដូចគ្នានៃឆ្នាំមុន ។ ដោយឡែកអង្គការមូល និធិរូបិយវត្ថុ អន្តរជាតិ បានប៉ាន់ប្រមាណថា ឆ្នាំនេះ សេដ្ឋកិច្ចចិននឹងកើនឡើង ៥,២ ភាគរយ ហើយអត្រារួមចំណែក ចំពោះកំណើនសេដ្ឋកិច្ចសកល នឹងឡើងដល់ ១ភាគ៣ ។

លោកស្រី Mao Ning បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចចិន មានភាពធន់យ៉ាងខ្លាំងក្លា សក្តានុពលធំនិងភាពរស់រវើកយ៉ាងពេញលេញ ហើយនិន្នាការទូទៅ ដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរមិនប្រែប្រួលទេ ។ ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវការបើកទូលាយ ចំពោះអន្តរជាតិ ប្រកបដោយកម្រិតខ្ពស់ បង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ជាមួយបណ្តាប្រទេសនានា លើពិភពលោក និងចែករំលែកផលប្រយោជន៍ នៃការអភិវឌ្ឍ ហើយការអភិវឌ្ឍ របស់ប្រទេសចិននឹងនាំមក នូវឱកាសកាន់តែច្រើន ដល់ប្រទេសជិតខាងនៅអាស៊ី ក៏ដូចជាពិភពលោកផងដែរ ៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top