ព័ត៌មានជាតិ

រដ្ឋមន្ដ្រី នេត ភក្រា្ត អំពាវនាវអ្នកសារព័ត៌មាន បន្ដអភិវឌ្ឍសមត្ថភាព ដើម្បីឆ្លើយតបការវិវត្ត នៃបច្ចេកវិទ្យា

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មាន ឱ្យបន្ដអភិវឌ្ឍសមត្ថភាព របស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹង ការវិវត្តនៃបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន ស្តីពីបាឋកថាក្រោមប្រធានបទ «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្ត្រ នយោបាយ និង ភូមិសាស្រ្តសេដ្ឋកិច្ច» នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោក នេត្រ ភក្ត្រា បានថ្លែងថា «សូមអំពាវនាវ ដល់អ្នកសាររព័ត៌មានទាំងអស់ ដែលកំពុងបំពេញបេសកកម្មលើវិស័យព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមបន្តខិតខំអភិវឌ្ឍ សមត្ថភាពរបស់ខ្លួនបន្ថែមទៀត ទាំងផ្នែកជំនាញ បច្ចេកទេស និងចំណេះដឹង ទូទៅ ដើម្បីឆ្លើយតបទៅ នឹងការវិវត្តនៃបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល និងបង្កើនជំនឿទុកចិត្ត ដល់សាធារណជន ដើម្បីឱ្យសក្តិសមទៅនឹងកិត្តិនាម វិស័យសារព័ត៌មាន គឺអំណាចទី៤ របស់រដ្ឋ»

នាឱកាសនោះ លោករដ្ឋមន្ដ្រី បានលើកឡើងថា កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសកម្ពុជា ដែលសាធារណជនទូទៅ ជាពិសេស ពាណិជ្ជករ និងអ្នកវិនិយោគទាំងជាតិនិងអន្តរជាតិ ចាំបាច់ត្រូវយល់ដឹងអំពីយុទ្ធសាស្ត្រក្នុង ការទាញយកអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ ។

លោករដ្ឋមន្ដ្រី បញ្ជាក់បន្ថែមថា​ ទន្ទឹមគ្នានេះ ស្ថានភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច គឺជាកត្តាដ៏សំខាន់ដើម្បីធានាថាកិច្ចព្រមព្រៀងនេះ ដំណើរការ ទៅដោយរលូន និងផ្ដល់ផលប្រយោជន៍វិជ្ជមាន ដល់ប្រទេសសមាជិក។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញឱ្យអាស៊ានបន្តកិច្ចសហប្រតិបត្តិការឱ្យបានស្អិតរមួត ដើម្បី ពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសក្នុងក្របខណ្ឌ «អសិប-RCEP» នេះផ្ទាល់ ៕

To Top