ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត អគ្គនាយក លោកប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
នាឱកាសនោះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ហើយក្រសួងត្រូវយកចិត្តទុកដាក់ជាសំខាន់ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនប្រសិទ្ធភាពការងារ អភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្តល់សេវាសាធារណៈ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់មន្ទីរ ក្នុងការបំពេញការងារជំនាញរបស់ខ្លួន និងបានផ្តល់អនុសាសន៍ឱ្យបន្តថែរក្សា ការពារសមិទ្ធផលដែលបានកសាងក្នុងអាណត្តិទី៦ និងអាណត្តិកន្លងទៅ និងត្រូវបន្តជំរុញការធ្វើកំណែទម្រង់ ព្រមទាំងជំរុញការអភិវឌ្ឍន្ថែមទៀតតាមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមបញ្ជាក់ថា នាឱកាសនោះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញបំពាក់មេដាយ ដល់មន្ត្រីមន្ទីរដែលមានស្នាដៃ ព្រមទាំង ចែកសម្ភារ និងផ្លាកសញ្ញាសុវត្ថិភាព ការដ្ឋានផ្លូវថ្នល់ មានមួកការដ្ឋាន អាវចំណាំងផ្លាត ម៉ាស៊ីនកាត់ស្មៅ និងកៅស៊ូត្រជាក់ Cold Mix ចំនួន ២០០បាវ ដល់មន្ទីរសម្រាប់ប្រើប្រាស់ក្នុងការជួសជុលថែទាំផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ៕