បរទេស៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោកស្រី Mao Ning បាននិយាយ នៅថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានកត់សម្គាល់ពី “ឧប្បត្តិហេតុផ្នែកសុវត្ថិភាព” ដែលអាចកើតមាននៅក្នុងទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ប៉ុន្តែចិនក៏មិនបានហាមប្រាមលើការទិញទូរស័ព្ទម៉ាកនេះ នោះដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំង ដើម្បីឆ្លើយតបទៅនឹង របាយការណ៍ដែលថា បុគ្គលិករដ្ឋាភិបាលត្រូវបានស្នើ សុំឱ្យបញ្ឈប់ការប្រើប្រាស់ ឧបករណ៍ដែលផលិតដោយក្រុមហ៊ុនអាមេរិកនោះ លោកស្រី Mao Ning បាននិយាយថា “ប្រទេសចិនមិនបានចេញច្បាប់ បទប្បញ្ញត្តិ ឬឯកសារគោលនយោបាយណា ដែលហាមឃាត់ការទិញ និងប្រើប្រាស់ទូរស័ព្ទម៉ាកបរទេសដូចជា Apple នោះទេ។”
លោកស្រី Mao បានបន្ថែមថា ទីក្រុងប៉េកាំងបានកត់សម្គាល់ “ការលាតត្រដាងប្រព័ន្ធផ្សព្វផ្សាយ ជាច្រើននៃឧប្បត្តិហេតុសុវត្ថិភាព ទាក់ទងនឹងទូរស័ព្ទរបស់ក្រុមហ៊ុន Apple ។ រដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាង ខ្លាំងចំពោះព័ត៌មាន និងសន្តិសុខតាមអ៊ីនធឺណិត ហើយធ្វើទៅលើក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ស្មើៗគ្នា”។
មន្ត្រីរដ្ឋាភិបាលមិនបានបញ្ជាក់ លម្អិតអំពីលក្ខណៈនៃបញ្ហាសុវត្ថិភាព ដែលត្រូវបាន ចោទប្រកាន់នោះទេ ប៉ុន្តែបាននិយាយថា ក្រុមហ៊ុនទូរស័ព្ទទាំងអស់ រួមទាំងក្រុមហ៊ុន Apple តម្រូវឱ្យគោរពតាមបទប្បញ្ញត្តិរបស់ចិន ហើយត្រូវតែ “ពង្រឹងការគ្រប់គ្រងសន្តិសុខព័ត៌មាន” ។
សូមជម្រាបថា បើតាមសារព័ត៌មាន រ៉យទ័រ បានរាយការណ៍កាលពីសប្តាហ៍មុនថា បុគ្គលិកនៅក្នុងក្រសួងរដ្ឋាភិបាលចិន យ៉ាងតិចចំនួន៣ត្រូវបានប្រាប់ឱ្យឈប់ ប្រើប្រាស់ទូរស័ព្ទ iPhone នៅពេលធ្វើការ។ ទីភ្នាក់ងារព័ត៌មានបានបន្ថែមថា ទំហំនៃការហាមប្រាមត្រូវបានអនុវត្តនៅ មិនទាន់ច្បាស់នៅឡើយទេ៕
ប្រែសម្រួលៈ ណៃ តុលា