ព័ត៌មានជាតិ

ប្រមុខរដ្ឋស្តីទី អនុញ្ញាត ឲ្យទូតអាស៊ែបៃហ្សង់ថ្មី ចូលជួបជូនសារតាំង

រូបភាពពី៖​ ព្រឹទ្ធសភា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានអនុញ្ញាតឲ្យលោក ស៊ូវគី កាម៉ាល អ៊ូកលូ មេឌីហ្សាដា (Shovgi Kamal Oglu Mehdizada) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំកម្ពុជា ចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា សម្តេច សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះ លោក ស៊ូវគី កាម៉ាល អ៊ូកលូ មេឌីហ្សាដា ដែលត្រូវបានលោកប្រធានាធិបតីអាស៊ែបៃហ្សង់ តែងតាំង លោក ជាឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំកម្ពុជា។

ក្នុងឱកាសនោះ លោក ស៊ូវគី កាម៉ាល អ៊ូកលូ មេឌីហ្សាដា បានថ្លែងអំណរគុណចំពោះ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យលោក ចូលជួបជូនសារតាំង និងសម្តែងការគួរសមនាពេលនេះ។

ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពី លោកប្រធានាធិបតីអាស៊ែបៃហ្សង់ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងជូនចំពោះថ្នាក់ដឹកនាំកំពូលកម្ពុជា៕

To Top