ព័ត៌មានអន្តរជាតិ

ទីក្រុងគៀវ រំពឹងថា អឺរ៉ុប នឹងដកបំរាមលើការនាំចូល គ្រាប់ធញ្ញជាតិអ៊ុយក្រែន

Xinhua

ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងរំពឹងថា សហភាពអឺរ៉ុប នឹងលុបចោលការរឹតបន្តឹងទាំងអស់ លើការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន និងផលិតផលកសិកម្មផ្សេងទៀត បន្ទាប់ពីថ្ងៃសុក្រស្អែកនេះ។

ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ជំហានបែបនេះនឹងបញ្ឈប់ការរំលោភ លើកិច្ចព្រមព្រៀងសមាគម សហភាពអឺរ៉ុប-អ៊ុយក្រែន ក៏ដូចជាគោលការណ៍ និងបទដ្ឋាននៃទីផ្សារតែមួយ របស់សហភាពអឺរ៉ុប” ។

ក្រសួងបានស្វាគមន៍ការសម្រេចចិត្តរបស់ប៊ុលហ្គារី ក្នុងការបន្តការនាំចូលគ្រាប់ធញ្ញជាតិ អ៊ុយក្រែនឡើងវិញ ហើយបានអំពាវនាវឱ្យប្រទេសសមាជិក សហភាពអឺរ៉ុបផ្សេងទៀតធ្វើតាមគំរូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាល​ពី​ខែ​ឧសភា គណៈកម្មការ​អឺរ៉ុប​បាន​ដាក់​បម្រាម​ លើ​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ ពី​ប្រទេស​អ៊ុយក្រែន​ទៅ​កាន់​ប្រទេស​អឺរ៉ុប​ចំនួន ៥ គឺ​ប៉ូឡូញ ស្លូវ៉ាគី ប៊ុលហ្គារី រូម៉ានី និង​ហុងគ្រី ការដាក់កំហិតនេះនឹងផុតកំណត់នៅថ្ងៃសុក្រស្អែកនេះ។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ មន្ត្រីមកពីប្រទេសប៉ូឡូញ និងហុងគ្រីបានឲ្យដឹងថា ប្រទេសរបស់ពួកគេគ្រោង នឹងពង្រីកការហាមឃាត់លើការ នាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top