ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួង អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានចុះពិនិត្យការដ្ឋាន សាងសង់ ផ្លូវបេតុងមួយខ្សែ ក្នុងក្របខណ្ឌគម្រោង អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹងការប្រែប្រួល អាកាសធាតុ (CRRIDP) របស់ក្រសួងអភិវឌ្ឍន៍ជនបទ មានប្រវែង ១០ ៤៣០ ម៉ែត្រ ទទឹងប្រវែង ៦ ម៉ែត្រ កម្រាស់ ១៥ សង់ទីម៉ែត្រ មានសំណង់លូមូលចំនួន ៥កន្លែង និងសំណង់លូប្រអប់ចំនួន ៣កន្លែង តភ្ជាប់ពីផ្លូវ លេខ ៣១១១ ត្រង់ចំណុចភូមិព្រៃដើមថ្នឹងទី២ ឃុំព្រៃដើមថ្នឹង ទៅភូមិកោងទន្លេលើ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ការដ្ឋាននេះបានចាប់ផ្ដើម កាលពីខែមករា ឆ្នាំ២០២៣ បច្ចុប្បន្នសម្រេចបាន ១៧, ១២ % ហើយគ្រោងនឹងសាងសង់ ឱ្យរួចរាល់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ។
ក្នុងឱកាសចុះ ពិនិត្យការដ្ឋានលោក ឆាយ ប្ញទ្ធិសែន បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដោយបានពាំនាំ នូវបណ្ដាំផ្ញើ សាកសួរសុខ ទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងការថ្លែងអំណរ គុណ របស់សម្តេចទាំងពីរ ជូនចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលតែងតែជួយថែរក្សា ការពារសមិទ្ធផល និងគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ។
ជាមួយនេះលោករដ្ឋមន្ត្រីក៏បាន ផ្ដាំផ្ញើដល់មន្រ្ដីបច្ចេកទេសប្រចាំការ នៅការដ្ឋានស្ថាបនាផ្លូវ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវការប្រើប្រាស់ បានយូរអង្វែង ។
សូមបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ ជាភ្នាក់ងារ អនុវត្តគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹងការ ប្រែប្រួលអាកាសធាតុ (CRRIDP)ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ មានថវិកាសរុប ៦៣,០៦១ លានដុល្លារអាមេរិក ក្នុងនោះមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ សម្រាប់កែលម្អផ្លូវជនបទ ឱ្យទៅជាប្រភេទផ្លូវក្រាលបេតុង (RC) ចំនួន ២៣ខ្សែ ប្រវែងសរុប ១៤៩,៦០ គីឡូម៉ែត្រ នៅក្នុងខេត្តគោលដៅចំនួន ៦គឺ ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ។
ដោយឡែកសម្រាប់ខេត្តព្រៃវែង នឹងទទួលបានផ្លូវក្រាលបេតុង ចំនួន៣ខ្សែ ប្រវែងសរុប ២៦,៦៤ គីឡូម៉ែត្រ ដែលបច្ចុប្បន្នសម្រេចបាន ១៤,២០% នៃគម្រោងទាំងមូល។
បន្ទាប់មក លោក ឆាយ ប្ញទ្ធិសែន និង ប្រតិភូរួមដំណើរ បានអញ្ជើញ ទៅពិនិត្យការដ្ឋាន សាងសង់ផ្លូវបេតុងមួយ ខ្សែទៀត ប្រវែង ៧,២៥ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ២០ សង់ទីម៉ែត្រ មានទីតាំងតភ្ជាប់ពីភូមិក្ដឿងរាយ ឃុំក្ដឿងរាយ ទៅភូមិប្រស្រែមុខ ឃុំកញ្ជ្រៀច ស្រុកកញ្ជៀច ខេត្តព្រៃវែង ដែលស្ថិតនៅ ក្នុងក្របខណ្ឌ គម្រោងកែលម្អហេដ្ឋា រចនាសម្ព័ន្ធជនបទដែលធន់នឹង ការប្រែប្រួលអាកាសធាតុ ។ បច្ចុប្បន្នលទ្ធផលសម្រេចបាន ១៥,៨៣ % ហើយគ្រោងនឹងបញ្ចប់ នៅបំណាច់ខែសីហា ឆ្នាំ២០២៤ ៕