វ៉ាស៊ីនតោន៖ កាសែត Financial Times បានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ជឿជាក់ថា រដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu កំពុងស្ថិតនៅ ក្រោមការស៊ើបអង្កេត ហើយត្រូវបានដកហូតពីការទទួលខុសត្រូវ របស់លោក ដោយសារ តែឧត្តមសេនីយ៍រូបនេះ មិនត្រូវបានគេឃើញ ជាសាធារណៈអស់រយៈពេលជាងពីរសប្តាហ៍ ។
កាសែត Reuters បានឲ្យដឹងថា លោក Li បានដកខ្លួនចេញ ពីកិច្ចប្រជុំភ្លាមៗជាមួយមេដឹកនាំការពារជាតិវៀតណាម កាលពីសប្តាហ៍មុន។ ការបាត់ខ្លួនរបស់លោក Li ពីសាធារណៈជន បន្ទាប់ពីការដកតំណែងលោក Qin Gang ចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសចិន កាលពីខែកក្កដា បន្ទាប់ពីអវត្តមានយ៉ាងអាថ៌កំបាំង រយៈពេលមួយខែពីតួនាទី សាធារណៈរបស់លោក។
ឧត្តមសេនីយកំពូលពីរនាក់ នៅកងកម្លាំងរ៉ុក្កែតរបស់យោធាចិន ដែលមើលការខុសត្រូវអង្គភាពគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ក៏ត្រូវបានជំនួសកាល ពីខែកក្កដាផងដែរ ដែលជំរុញឱ្យមានការរំពឹងទុកថា ពួកគេត្រូវបានស៊ើបអង្កេតជុំវិញអំពើពុករលួយ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បានបង្ហោះនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលអតីតគេស្គាល់ថាជា Twitter បានឲ្យដឹងថា លោក Li អាចនឹងស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ ៕
ប្រែសម្រួល ឈូក បូរ៉ា