បរទេស៖ ប្រទេសហ្វាំងឡង់ បានផ្តល់ឱ្យម្ចាស់រថយន្តដែលបានចុះបញ្ជីនៅប្រទេសរុស្ស៊ីរយៈពេល៦ខែ ដើម្បីយករថយន្តចេញពីប្រទេសរបស់ខ្លួន ដោយហ្វាំងឡង់ បានរារាំងរថយន្តប្រភេទនេះភាគច្រើនមិនឱ្យចូលប្រទេស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីដើមខែនេះ សហភាពអឺរ៉ុបបានផ្តល់អនុសាសន៍ឱ្យរដ្ឋជាសមាជិករបស់ខ្លួនរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើនរបស់ពលរដ្ឋរុស្ស៊ីដែលចូលក្នុងប្លុកនេះ ជាផ្នែកនៃទណ្ឌកម្មដែលកើតចេញពីជម្លោះអ៊ុយក្រែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ក្រសួងការបរទេសហ្វាំងឡង់បាននិយាយថា ចាប់ពីថ្ងៃទី ១៦ ខែកញ្ញា មានតែពលរដ្ឋសហភាពអឺរ៉ុបដែលស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសរុស្ស៊ី សមាជិកគ្រួសារ អ្នកការទូត ឬអ្នកដែលធ្វើសកម្មភាពមនុស្សធម៌ នឹងត្រូវបានអនុញ្ញាតឱ្យនាំយករថយន្តដែលបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ី (ផ្លាកលេខរុស្ស៊ី) ទៅកាន់ប្រទេសហ្វាំងឡង់បាន។
ក្រោយមក ក្រសួងបានព្រមានថា រថយន្តដែល «បានមកដល់ប្រទេសហ្វាំងឡង់រួចហើយ ហើយមានស្លាកលេខរុស្ស៊ី ត្រូវតែយកចេញពីប្រទេសត្រឹមថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៤»។
ដោយពន្យល់ពីចំណាត់ការនេះ មន្ត្រីហ្វាំងឡង់ក៏បានសង្កត់ធ្ងន់ថា ទីក្រុង Helsinki «អនុវត្តយ៉ាងពេញលេញនូវទណ្ឌកម្មដែលបានដាក់ជាលទ្ធផលនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន» និងស្វែងរកការទប់ស្កាត់ការដាក់ទណ្ឌកម្ម៕ ប្រែសម្រួលៈ ណៃ តុលា